14 ឲ្យអ្នកកាន់តាមបញ្ញត្តបែបដែលឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់លេចមក
15 ដែលព្រះនឹងសំដែងឲ្យឃើញទ្រង់ ក្នុងវេលាកំណត់ គឺជាស្តេចចក្រតែ១ព្រះអង្គដ៏មានពរ ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
16 ក៏មានទ្រង់ប៉ុណ្ណោះដែលមិនចេះសុគត ទ្រង់គង់នៅក្នុងពន្លឺដែលរកចូលទៅជិតមិនបាន គ្មានមនុស្សណាដែលឃើញទ្រង់ឡើយ ក៏មើលទ្រង់មិនឃើញផង សូមឲ្យទ្រង់បានល្បីព្រះនាម និងព្រះចេស្តា នៅអស់កល្បជានិច្ច អាម៉ែន។
17 ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយ៍នេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ
18 ចូរបង្គាប់ឲ្យគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង
19 យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច។
20 ឱធីម៉ូថេអើយ ចូររក្សាសេចក្តីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ និងពាក្យទទឹងទទែងនៃសេចក្តី ដែលក្លែងហៅថា ចំណេះវិជ្ជាផង