17 ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយ៍នេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ
18 ចូរបង្គាប់ឲ្យគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង
19 យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច។
20 ឱធីម៉ូថេអើយ ចូររក្សាសេចក្តីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ និងពាក្យទទឹងទទែងនៃសេចក្តី ដែលក្លែងហៅថា ចំណេះវិជ្ជាផង
21 ដែលមានមនុស្សខ្លះប្រកាន់ ក៏បានជ្រួសពីសេចក្តីជំនឿចេញហើយ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚