6 តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន
7 ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយ៍នេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ
8 តែបើមានអាហារទទួលទាន និងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ
9 ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ
10 ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន។
11 តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្តីទាំងនោះ ហើយដេញតាមសេចក្តីសុចរិត សេចក្តីគោរពប្រតិបត្តិដល់ព្រះ សេចក្តីជំនឿ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួន និងសេចក្តីសំឡូតវិញ
12 ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្តីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អនៅមុខសាក្សីជាច្រើនដែរ