២ ធីម៉ូថេ 2:15-21 KHOV

15 ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្តី​ពិត​យ៉ាង​ត្រឹម​ត្រូវ

16 តែ​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នឹង​នាំ​ឲ្យ​ចំរើន​សេចក្តី​ទមិល​ល្មើស កាន់​តែ​ច្រើន​ឡើង​ទេ

17 ហើយ​សំដី​គេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ហ៊ីមេនាស និង​ភីលេត

18 ដែល​បាន​ជ្រួស​ហួស​ចេញ​ពី​សេចក្តី​ពិត ទាំង​និយាយ​ថា សេចក្តី​រស់​ឡើង​វិញ​បាន​កន្លង​ទៅ​ហើយ គេ​ក៏​បង្ខូច​សេចក្តី​ជំនឿ​របស់​អ្នក​ខ្លះ​ដែរ

19 ប៉ុន្តែ ឯ​ឫស​មាំ‌មួន​របស់​ព្រះ នោះ​ធន់​នៅ​វិញ ដោយ​បាន​បោះ​ត្រា​ថា ព្រះ‌អម្ចាស់​ទ្រង់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ផង​ទ្រង់

20 នៅ​ក្នុង​ផ្ទះ​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​មាស​ប្រាក់​ម្យ៉ាង​ទេ គឺ​មាន​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សំរាប់​ការ​ប្រសើរ ខ្លះ​សំរាប់​ការ​អាប់‌ឱន​វិញ

21 ដូច្នេះ បើ​អ្នក​ណា​បាន​សំអាត​ខ្លួន ពី​សេចក្តី​ទាំង​នោះ អ្នក​នោះ​នឹង​បាន​ជា​ប្រដាប់​សំរាប់​ការ​ប្រសើរ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀប‌ចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក។