២ ពេត្រុស 1:8-14 KHOV

8 ដ្បិត​បើ​មាន​សេចក្តី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ

9 ពី​ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ទាំង​នោះ គឺ​ឈ្មោះ​ថា​ជា​អ្នក​ខ្វាក់ មើល​ទៅ​ឆ្ងាយ​មិន​ឃើញ ព្រម​ទាំង​ភ្លេច​ថា ព្រះ​បាន​សំអាត​បាប​ដែល​ខ្លួន​ធ្វើ​ពី​ដើម​ផង

10 ដូច្នេះ បង​ប្អូន​អើយ គួរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ឧស្សាហ៍​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​មិន​ដែល​ជំពប់​ឡើយ

11 ដ្បិត​យ៉ាង​នោះ​នឹង​មាន​ផ្លូវ​បើក​ចំហ ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​នគរ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។

12 ដូច្នេះ ខ្ញុំ​ប្រុង​ប្រៀប​នឹង​រំឭក ដល់​អ្នក​រាល់​គ្នា អំពី​សេចក្តី​ទាំង​នេះ​ជានិច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ស្គាល់ ហើយ​បាន​តាំង​ខ្ជាប់‌ខ្ជួន ក្នុង​សេចក្តី​ពិត ដែល​មាន​ហើយ​ក៏​ដោយ

13 ហើយ​កាល​ខ្ញុំ​នៅ​ក្នុង​ត្រសាល​នេះ​នៅ​ឡើយ នោះ​ខ្ញុំ​គិត​ថា ត្រូវ​ឲ្យ​ខ្ញុំ​ដាស់‌តឿន​រំឭក​ដល់​អ្នក​រាល់​គ្នា​ជា​ដរាប

14 ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​ត្រសាល​នេះ​ចេញ នោះ​ដល់​ឆាប់​ហើយ ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​បង្ហាញ​ខ្ញុំ