២ ពេត្រុស 2:7-13 KHOV

7 តែ​បាន​ប្រោស​លោក​ឡុត ជា​អ្នក​សុចរិត​ឲ្យ​រួច​វិញ ដែល​លោក​មាន​ចិត្ត​ព្រួយ​លំបាក ដោយ​ព្រោះ​កិរិយា​ខូច​អាក្រក់​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ

8 ដ្បិត​អ្នក​សុចរិត​នោះ ដែល​នៅ​ជា​មួយ​នឹង​គេ ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត​សុចរិត​របស់​លោក​រាល់​តែ​ថ្ងៃ ដោយ​បាន​ឮ ហើយ​ឃើញ​ការ​ទទឹង​ច្បាប់ ដែល​គេ​ប្រព្រឹត្ត​ធ្វើ

9 បើ​ដូច្នេះ​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្តី​ល្បួង ហើយ​នឹង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំ‌ជំរះ​វិញ

10 គឺ​ពួក​អស់​អ្នក​ដែល​ដើរ​តាម​សាច់​ឈាម​ជា​ដើម ដែល​គេ​មាន​សេចក្តី​ប៉ង‌ប្រាថ្នា​ខាង​ឯ​ការ​ស្មោក‌គ្រោក ហើយ​ក៏​មើល‌ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា​ដែរ គេ​ជា​ពួក​ព្រហើន មាន​ក្បាល​រឹង ដែល​មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ដល់​ទាំង​ពួក​ប្រសើរ​ឧត្តម​ផង

11 ដែល​ពួក​ទេវតា​ដ៏​មាន​កំឡាំង មាន​ឫទ្ធិ​លើស​ជាង​គេ​ទៅ​ទៀត ក៏​មិន​ហ៊ាន​ប្រមាថ​ដល់​ពួក​នោះ នៅ​ចំពោះ​ព្រះ‌អម្ចាស់​ឡើយ

12 តែ​ដោយ​ព្រោះ​គេ​ជេរ​ប្រមាថ​ដល់​ការ​ដែល​គេ​មិន​ស្គាល់ នោះ​គេ​នឹង​ត្រូវ​វិនាស​បាត់​ក្នុង​ការ​ខូច​អាក្រក់​របស់​គេ​អស់​រលីង ដូច​ជា​សត្វ​តិរច្ឆាន ដែល​កើត​មក​សំរាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​កាប់​សំឡាប់​ប៉ុណ្ណោះ​ដែរ

13 គេ​ហៀប​នឹង​ទទួល​រង្វាន់​នៃ​ការ​ទុច្ចរិត គេ​ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើប‌ស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេក‌អរ​សប្បាយ គេ​ជា​ស្នាម​ប្រឡាក់ ហើយ​ជា​សេចក្តី​ស្មោក‌គ្រោក គេ​ត្រេក‌អរ​ដោយ​សេចក្តី​បញ្ឆោត​របស់​ខ្លួន ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា