11 ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ
12 ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ
13 តែតាមសេចក្តីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មី
14 ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្តីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីមេត្រីផង
15 ហើយត្រូវរាប់សេចក្តីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្តីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ
16 ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសំដែងពីសេចក្តីទាំងនេះ នោះមានសេចក្តីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ និងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្តីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។
17 ដូច្នេះ ពួកស្ងួនភ្ងាអើយ ចូរប្រយ័ត្ន ដោយព្រោះអ្នករាល់គ្នាដឹងសេចក្តីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្តីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្តោយតាមសេចក្តីវង្វេងរបស់ពួកទទឹងច្បាប់នោះ