14 មិនដែលមានថ្ងៃណាដូចថ្ងៃនោះ ទោះមុខឬក្រោយ ដែលព្រះយេហូវ៉ាទ្រង់បានស្តាប់តាមមនុស្សដូច្នេះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល
15 រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។
16 ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា
17 ហើយមានគេមកជំរាបយ៉ូស្វេថា បានឃើញស្តេចទាំង៥នោះ ពួននៅក្នុងរអាងថ្មត្រង់ម៉ាកេដា
18 រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ
19 តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
20 លុះយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ