យ៉ូស្វេ 9 KHOV

កល‌ល្បិច​របស់​អ្នក​ស្រុក​គីបៀន

1 ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ភ្នំ និង​ស្រុក​ទំនាប ក្បែរ​សមុទ្រ​ធំ ទល់​មុខ​នឹង​ភ្នំ​ល្បាណូន គឺ​ជា​ស្តេច​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស កាល​បាន​ឮ

2 នោះ​គេ​ក៏​ប្រមូល​គ្នា​ទាំង​អស់ ដើម្បី​ច្បាំង​នឹង​យ៉ូស្វេ ហើយ​នឹង​សាសន៍​អ៊ីស្រា‌អែល ដោយ​ស្រុះ​ចិត្ត​គ្នា។

3 តែ​ឯ​ពួក​ទី​ក្រុង​គីបៀន កាល​គេ​បាន​ឮ​ពី​ការ​ដែល​យ៉ូស្វេ​បាន​ធ្វើ​ដល់​ក្រុង​យេរីខូរ និង​ក្រុង​អៃយ

4 នោះ​គេ​ក៏​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ក្លែង​ខ្លួន​ធ្វើ​ជា​រាជ‌ទូត​ចូល​មក​មាន​ទាំង​បាវ​ចាស់ៗ ដាក់​ផ្ទុក​លើ​លា​គេ និង​ថង់​ស្បែក​សំរាប់​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ថង់​ស្បែក​ចាស់​ហើយ​ធ្លាយ​បាន​ចង​ខ្ជឹប​វិញ​ផង

5 ក៏​ពាក់​ស្បែក​ជើង​កញ្ចាស់​ប៉ះ​យ៉ាង​ញឹក ហើយ​ស្លៀក‌ពាក់​កញ្ចាស់​ផង ឯ​នំបុ័ង​ដែល​យក​មក​សំរាប់​បរិភោគ​តាម​ផ្លូវ នោះ​សុទ្ធ​តែ​ស្វិត ហើយ​ដុះ​ផ្សិត​អស់​រលីង

6 គេ​មក​ដល់​យ៉ូស្វេ​ក្នុង​ទី​ដំឡើង​ត្រសាល ត្រង់​គីល‌កាល និយាយ​នឹង​លោក ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ថា យើង​ខ្ញុំ​បាន​មក​ពី​ស្រុក​ឆ្ងាយ ដូច្នេះ​សូម​លោក​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ

7 តែ​ពួក​អ៊ីស្រា‌អែល​ឆ្លើយ​នឹង​ពួក​សាសន៍​ហេវី​នោះ​ថា ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​តាំង​សញ្ញា​នឹង​អ្នក​រាល់​គ្នា​បាន

8 នោះ​គេ​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ពិត តែ​យ៉ូស្វេ​សួរ​គេ​ថា តើ​អ្នក​រាល់​គ្នា​ជា​សាសន៍​ណា ហើយ​មក​ពី​ណា

9 គេ​ក៏​ជំរាប​ថា យើង​ខ្ញុំ​ប្របាទ​បាន​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ល្បី​ព្រះ‌នាម​ទ្រង់ និង​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ

10 ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត គឺ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន និង​អុក​ជា​ស្តេច​ស្រុក​បាសាន នៅ​ទី​ក្រុង​អាស‌ថារ៉ូត

11 ដូច្នេះ​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​ស្រុក​យើង​ខ្ញុំ​ទាំង​អស់ គេ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​យក​ស្បៀង​អាហារ​ជាប់​នឹង​ខ្លួន សំរាប់​តាម​ផ្លូវ ទៅ​ជួប​នឹង​លោក​ជំរាប​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​លោក​ហើយ ដូច្នេះ​សូម​តាំង​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ

12 ឯ​នំបុ័ង​យើង​ខ្ញុំ​នេះ បាន​យក​ពី​ផ្ទះ​យើង​ខ្ញុំ​មក​ទាំង​ក្តៅ សំរាប់​ជា​ស្បៀង​តាម​ផ្លូវ តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ឯ​លោក​រាល់​គ្នា តែ​ឥឡូវ​នេះ មើល បាន​ស្វិត ហើយ​ដុះ​ផ្សិត​អស់​រលីង

13 ឯ​ថង់​ស្បែក​សំរាប់​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​នេះ ក៏​ថ្មី​សុទ្ធ​ក្នុង​កាល​ដែល​យើង​ខ្ញុំ​បាន​ចាក់​ចូល​ពេញ​នោះ​ដែរ តែ​មើល ឥឡូវ​នេះ​ទៅ​ជា​កណ្តាច​អស់​វិញ សំលៀក‌បំពាក់ និង​ស្បែក​ជើង​យើង​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់ ដោយ​ព្រោះ​ផ្លូវ​ឆ្ងាយ​ទាំង​ម៉្លេះ

14 នោះ​ពួក​អ៊ីស្រា‌អែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ

15 ដូច្នេះ​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ក៏​ស្បថ​នឹង​គេ​ដែរ។

16 លុះ​ដល់​ផុត​៣​ថ្ងៃ​ក្រោយ ដែល​បាន​តាំង​សញ្ញា​នឹង​គេ​មក នោះ​ក៏​ឮ​ថា ពួក​អ្នក​នោះ​ជា​អ្នក​ជិត​ខាង ដែល​នៅ​ក្នុង​ស្រុក​នោះ​វិញ

17 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ថ្ងៃ​ទី​៣ រីឯ​ទី​ក្រុង​ទាំង​នោះ គឺ​គីបៀន​១ កេភីរ៉ា​១ ប្អៀរ៉ុត​១ និង​គារយ៉ាត់-យារីម​១

18 តែ​មិន​បាន​វាយ​គេ​ទេ ដ្បិត​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ បាន​ស្បថ​នឹង​គេ​ហើយ ដោយ​នូវ​ព្រះ‌នាម​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​រទូ‌រទាំ ទាស់​នឹង​ពួក​អ្នក ដែល​ជា​កំពូល​នោះ

19 តែ​ពួក​នោះ​និយាយ​ទៅ​ពួក​ជំនុំ​ទាំង​អស់​ថា យើង​បាន​ស្បថ​នឹង​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ ដូច្នេះ​យើង​គ្មាន​ច្បាប់​នឹង​ពាល់​គេ​ឡើយ

20 ចូរ​យើង​ធ្វើ​ដូច្នេះ​នឹង​គេ​វិញ ទុក​ឲ្យ​គេ​នៅ​រស់​ចុះ ខ្លាច​ក្រែង​មាន​សេចក្ដី​ក្រោធ​មក​លើ​យើង​រាល់​គ្នា ដោយ​ព្រោះ​សម្បថ​របស់​យើង

21 រួច​ពួក​អ្នក​ដែល​ជា​កំពូល​ក៏​និយាយ​ទៀត​ថា ចូរ​ឲ្យ​គេ​រស់​នៅ​ចុះ ដូច្នេះ​គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឱស ហើយ​រែក​ទឹក ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ដូច​ជា​ពួក​អ្នក​ដែល​ជា​កំពូល​បាន​ប្រាប់​ហើយ។

22 យ៉ូស្វេ​ក៏​ហៅ​គេ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​បាន​បញ្ឆោត​យើង​ដូច្នេះ ដោយ​ថា យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់ តែ​ឯង​រាល់​គ្នា​នៅ​ជា​មួយ​នឹង​យើង​វិញ

23 ដូច្នេះ​ឯង​រាល់​គ្នា​ត្រូវ​បណ្តាសា​ឥឡូវ ពួក​ឯង​រាល់​គ្នា​នឹង​មិន​ដែល​រួច​ពី​ការ​ជា​បាវ​បំរើ​ឡើយ គឺ​ត្រូវ​កាប់​ឧស​ហើយ​រែក​ទឹក សំរាប់​ដំណាក់​ព្រះ​នៃ​អញ​ជានិច្ច

24 គេ​ក៏​ឆ្លើយ​តប​ថា គឺ​ដោយ​ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ​ប្របាទ​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​លោក​រាល់​គ្នា ហើយ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់ ពី​មុខ​លោក​ចេញ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ដោយ​នឹក​ភ័យ​ខ្លាច​នឹង​ជីវិត​យើង​ខ្ញុំ​ជា​ខ្លាំង ដោយ​ព្រោះ​លោក​រាល់​គ្នា

25 ឥឡូវ​នេះ មើល​យើង​ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​គិត​ថា​ស្រួល ហើយ​ត្រឹម‌ត្រូវ​ចុះ

26 យ៉ូស្វេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គេ ព្រម​ទាំង​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​ស្លាប់​ឡើយ

27 នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​បាន​ដំរូវ​គេ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​កាប់​ឧស ហើយ​រែក​ទឹក​ដល់​ពួក​ជំនុំ និង​សំរាប់​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​កន្លែង​ណា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​រើស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24