យ៉ូស្វេ 22:29-34 KHOV

29 សូម​ឲ្យ​គំនិត​យ៉ាង​នោះ​ឃ្លាត​ទៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ កុំ​ឲ្យ​យើង​ខ្ញុំ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បែរ​ចេញ​លែង​តាម​ទ្រង់​នៅ​ថ្ងៃ​នេះ ដោយ​ស្អាង​អាស‌នា សំរាប់​ដង្វាយ​ដុត ដង្វាយ​ម្សៅ ឬ​យញ្ញ‌បូជា ក្រៅ​ពី​អាស‌នា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​នៅ​មុខ​រោង​ឧបោសថ​ទ្រង់​នោះ​ឡើយ។

30 កាល​ភីនេ‌ហាស​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ពាន់ ដែល​នៅ​ជា​មួយ​នឹង​លោក បាន​ឮ​ពាក្យ​របស់​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​ក៏​បាន​ពេញ​ចិត្ត​ណាស់

31 រួច​ភីនេ‌ហាស​ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ លោក​មាន​ប្រសាសន៍​ទៅ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ថា នៅ​ថ្ងៃ​នេះ​យើង​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​ការ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ​ទេ ឯង​រាល់​គ្នា​បាន​ជួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ

32 ដូច្នេះ​ភីនេ‌ហាស ជា​កូន​អេលាសារ ដ៏​ជា​សង្ឃ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ជា​កំពូល​នោះ គេ​ចេញ​ចាក​ពី​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់ នៅ​ស្រុក​កាឡាត ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កាណាន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ​ទៅ ព្រម​ទាំង​នាំ​ដំណឹង​នោះ​មក​ប្រាប់​គេ​ដែរ

33 សេចក្ដី​នោះ​បាន​ពេញ​ចិត្ត ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ រួច​ក៏​លែង​គិត​ពី​ការ​ឡើង​ទៅ​ច្បាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ដែល​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់​នៅ​នោះ​ត​ទៅ​ទៀត

34 ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ គេ​ដាក់​ឈ្មោះ​អាស‌នា​នោះ​ថា «ទី​បន្ទាល់» ដ្បិត​គេ​ថា នេះ​ហើយ​ជា​ទី​បន្ទាល់​ដល់​អ្នក​រាល់​គ្នា ហើយ​នឹង​យើង​ខ្ញុំ ពី​ព្រះ‌យេហូវ៉ា ថា​ទ្រង់​ជា​ព្រះ​ពិត។