6 យ៉ូស្វេក៏ឲ្យពរដល់គេ ហើយឲ្យគេចេញទៅ រួចគេក៏ត្រឡប់ទៅឯលំនៅរបស់គេវិញ។
7 រីឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ លោកម៉ូសេបានចែកមរដកឲ្យ នៅខាងស្រុកបាសាន តែ១ចំហៀងទៀត យ៉ូស្វេបានចែកឲ្យជាមួយនឹងបងប្អូនគេ នៅត្រើយទន្លេយ័រដាន់ខាងលិចវិញ មួយទៀតកាលយ៉ូស្វេបានបើកឲ្យគេត្រឡប់ទៅឯលំនៅគេវិញ នោះក៏ឲ្យពរ ដោយពាក្យថា
8 សូមឲ្យឯងរាល់គ្នាបានវិលទៅឯលំនៅឯងចុះ ដោយនាំយករបស់ទ្រព្យជាច្រើន និងហ្វូងសត្វយ៉ាងសន្ធឹក ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសំលៀកបំពាក់ជាច្រើនផង ចូរចែករបឹបរបស់ពួកខ្មាំងសត្រូវ ដល់ពួកបងប្អូនឯងចុះ
9 ដូច្នេះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែល ដែលនៅត្រង់ស៊ីឡូរក្នុងស្រុកកាណាន វិលទៅឯស្រុកកាឡាត គឺដល់ស្រុកដែលជាកេរអាកររបស់គេវិញ ជាស្រុកដែលបានទទួលយកតាមបង្គាប់ព្រះយេហូវ៉ាដោយសារលោកម៉ូសេ។
10 កាលគេបានទៅដល់ក្រវល់ស្រុកជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន នោះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ស្អាងអាសនា១ទៅជិតទន្លេយ័រដាន់ ជាអាសនាមានភាពយ៉ាងធំ
11 ឯពួកកូនចៅអ៊ីស្រាអែលគេឮនិយាយថា ន៏ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ បានស្អាងអាសនា១ នៅចុងស្រុកកាណាន ក្នុងក្រវល់ស្រុកជិតទន្លេយ័រដាន់ ខាងពួកអ៊ីស្រាអែលយើងនេះហើយ
12 កាលពួកកូនចៅអ៊ីស្រាអែលបានឮដូច្នោះ នោះពួកជំនុំទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ដើម្បីនឹងឡើងទៅទាស់នឹងគេ។