សាការី 11:5-11 KHOV

5 ជា​ហ្វូង​ដែល​ពួក​អ្នក​ទិញ​ក៏​សំឡាប់​ទៅ ឥត​រាប់​ខ្លួន​ជា​មាន​ទោស​ឡើយ ហើយ​ពួក​អ្នក​ដែល​លក់​វា​ក៏​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ពរ ដ្បិត​ខ្ញុំ​បាន​មាន​ឡើង ហើយ​ទាំង​ពួក​គង្វាល​ក៏​មិន​ប្រណី​ដល់​វា​ដែរ

6 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មិន​ប្រណី​ដល់​ពួក​អ្នក​នៅ​ក្នុង​ស្រុក​ទៀត​ឡើយ មើល អញ​នឹង​ប្រគល់​គ្រប់​ទាំង​ប្រុសៗ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ខ្លួន ហើយ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​របស់​ខ្លួន​ដែរ ពួក​ទាំង​នោះ​នឹង​វាយ​ស្រុក ហើយ​អញ​មិន​ព្រម​ប្រោស​ឲ្យ​រួច​ដែរ

7 ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ដែល​សំរាប់​សំឡាប់ ដែល​ពិត​ជា​ចៀម​វេទនា​បំផុត​ក្នុង​ហ្វូង ខ្ញុំ​ក៏​យក​ដំបង​២​មក ដំបង​មួយ​ខ្ញុំ​ឲ្យ​ឈ្មោះ​ថា «លំអ» មួយ​ទៀត​ឲ្យ​ឈ្មោះ​ថា «សម្ពន្ធ» ហើយ​ខ្ញុំ​ក៏​ឃ្វាល​ហ្វូង​ចៀម​ទៅ

8 ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​អ្នក​គង្វាល​អស់​៣​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។

9 នោះ​ខ្ញុំ​ក៏​និយាយ​ថា អញ​លែង​ឃ្វាល​ឯង​រាល់​គ្នា​ហើយ ណា​ដែល​ស្លាប់ ឲ្យ​ស្លាប់​ចុះ ណា​ដែល​ត្រូវ​វិនាស ឲ្យ​វិនាស​ចុះ ហើយ​ណា​ដែល​សល់​នៅ នោះ​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ

10 ខ្ញុំ​ក៏​យក​ដំបង​របស់​ខ្ញុំ​ដែល​មាន​ឈ្មោះ «លំអ» មក​កាច់​បំបាក់ ដើម្បី​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​តាំង​នឹង​ជន‌ជាតិ​ទាំង‌ឡាយ

11 សេចក្ដី​សញ្ញា​នោះ​ក៏​ត្រូវ​ដាច់​នៅ​ថ្ងៃ​នោះ​ឯង យ៉ាង​នោះ ពួក​វេទនា​បំផុត ក្នុង​ហ្វូង​ដែល​ស្តាប់​តាម​ខ្ញុំ គេ​បាន​ដឹង​ថា​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា