1 ចូរឲ្យឯងរាល់គ្នាសូមទឹកភ្លៀង ពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ គឺសូមពីព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ នោះទ្រង់នឹងប្រោសប្រទាន ឲ្យមានភ្លៀង១មេៗដល់ឯង ឲ្យគ្រប់គ្នាមានស្មៅនៅចំការរបស់ខ្លួន
2 ពីព្រោះរូបព្រះទាំងប៉ុន្មានបានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សំដែងជាសេចក្ដីកំភូត ក៏កំសាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវរបស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល
3 សេចក្ដីកំហឹងរបស់អញបានឆួលឡើង ទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងវាយផ្ចាលពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រោសហ្វូងចៀមរបស់ទ្រង់ គឺជាពួកវង្សយូដា ហើយទ្រង់នឹងធ្វើឲ្យគេបានដូចជាសេះយ៉ាងល្អរបស់ទ្រង់ ក្នុងការសង្គ្រាម
4 ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសំរាប់ច្បាំង និងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង
5 គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងការចំបាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគេ ហើយពួកពលសេះនឹងស្រឡាំងកាំង
6 អញនឹងចំរើនកំឡាំងពួកវង្សយូដា អញនឹងជួយសង្គ្រោះពួកវង្សយ៉ូសែប ហើយនឹងនាំគេមកវិញ ដ្បិតអញមានសេចក្ដីអាណិតមេត្តាដល់គេ យ៉ាងនោះ គេនឹងមានសណ្ឋាន ដូចជាអញមិនបានបោះបង់ចោលគេឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ហើយអញនឹងស្តាប់គេ
7 ឯពួកអេប្រាអិម គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ អើ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនឹងមានសេចក្ដីអំណរដែរ ចិត្តគេនឹងបានអរសាទរក្នុងព្រះយេហូវ៉ា។
8 អញនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះអញបានលោះគេហើយ នោះគេនឹងចំរើនជាច្រើនឡើងដូចជាបានចំរើនឡើងពីដើម
9 អញនឹងសាបព្រោះគេនៅកណ្តាលអស់ទាំងសាសន៍ ហើយគេនឹងនឹកចាំពីអញនៅក្នុងស្រុកឆ្ងាយ គេនឹងនៅជាមួយនឹងពួកកូនចៅ ហើយនឹងត្រឡប់មកវិញ
10 អញនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេ ចេញពីស្រុកអាសស៊ើរអញនឹងនាំគេមកឯស្រុកកាឡាត និងស្រុកល្បាណូន ដល់ទៅរកកន្លែងល្មមឲ្យគេអាស្រ័យនៅគ្មាន
11 ទ្រង់នឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន នោះអស់ទាំងទីជំរៅរបស់ទន្លេធំ នឹងរីងស្ងួតទៅ សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទំលាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងទៅបាត់ទៅ
12 អញនឹងចំរើនកំឡាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមទ្រង់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។