សាការី 12:8-14 KHOV

8 នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ការ‌ពារ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នោះ​នឹង​បាន​ដូច​ជា​ដាវីឌ​វិញ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​គេ។

9 នៅ​ថ្ងៃ​នោះ អញ​នឹង​តាំង​ចិត្ត ដើម្បី​បំផ្លាញ​អស់​ទាំង​សាសន៍ ដែល​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម។

10 អញ​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ​ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន

11 នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ

12 ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​ដោយ​ខ្លួនៗ គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន

13 គ្រួ​ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន

14 ឯ​អស់​គ្រួសារ​ឯ​ទៀត នោះ​គ្រប់​ទាំង​គ្រួ​ដោយ​ខ្លួន និង​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ។