1 ខ្ញុំក៏ងើបភ្នែកឡើងម្តងទៀត ក្រឡេកទៅឃើញមានរថ៤ចេញពីកណ្តាលភ្នំ២មក ឯភ្នំទាំង២នោះជាភ្នំលង្ហិន
2 រថទី១ទឹមដោយសេះសម្បុរក្រហម រថទី២ទឹមដោយសេះសម្បុរខ្មៅ
3 រថទី៣ទឹមដោយសេះសម្បុរស ហើយរថទី៤ទឹមដោយសេះសម្បុរពញ្លក់ ដែលមានកំឡាំងខ្លាំង
4 ខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ ទាំងអស់នេះតើជាអ្វី
5 នោះទេវតាតបមកខ្ញុំថា នេះគឺជាខ្យល់ទាំង៤ទិសនៅលើអាកាស ដែលចេញពីចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
6 ឯរថទឹមសេះសម្បុរខ្មៅ នោះចេញទៅឯស្រុកនៅទិសខាងជើង ហើយសេះសក៏ចេញតាមក្រោយទៅ ឯសេះពញ្លក់ នោះចេញទៅឯស្រុកនៅទិសខាងត្បូង
7 រួចសេះដែលមានកំឡាំងខ្លាំងក៏ចេញទៅ ហើយរកផ្លូវឲ្យបានដើរចុះឡើងនៅលើផែនដី លំដាប់នោះទេវតាបង្គាប់វាថា ចូរទៅចុះ ហើយដើរចុះឡើងនៅផែនដីដូច្នេះ វាក៏ដើរចុះឡើងនៅផែនដីទៅ