សាការី 7:7-13 KHOV

7 តើ​មិន​មែន​ជា​សេចក្ដី​នោះ​ឯង​ទេ​ឬ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ជាន់​មុន ក្នុង​កាល​ដែល​ក្រុង​យេរូ‌សាឡិម​មាន​មនុស្ស​អាស្រ័យ​នៅៗ​ឡើយ ហើយ​មាន​សេចក្ដី​ចំរើន ព្រម​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ផង ហើយ​ស្រុក​ត្បូង និង​ស្រុក​ទំនាប​ក៏​មាន​មនុស្ស​អាស្រ័យ​នៅ​ដែរ។

8 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សាការី​ថា

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត ហើយ​សំដែង​សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ

10 កុំ​ឲ្យ​សង្កត់‌សង្កិន​ស្រី​មេម៉ាយ ពួក​កំព្រា ពួក​អ្នក​ស្នាក់​នៅ ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ​បង្កើត​ការ​អាក្រក់ នៅ​ក្នុង​ចិត្ត ទាស់​នឹង​បង​ប្អូន​ខ្លួន​ដែរ

11 ប៉ុន្តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ ក៏​គេច​ស្មា​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ​វិញ

12 អើ គេ​បាន​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម​ដែក​ភ្លើង ក្រែង​គេ​ឮ​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​ទ្រង់​មក​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ពី​ដើម ដោយ​ហេតុ​នោះ​បាន​ជា​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង ចេញ​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក

13 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដូច្នេះ ទ្រង់​បាន​ស្រែក​ទៅ តែ​គេ​មិន​ព្រម​ស្តាប់​យ៉ាង​ណា គេ​ក៏​នឹង​ស្រែក​ដែរ តែ​អញ​មិន​ព្រម​ស្តាប់​ដូច​គ្នា