សាការី 9 KHOV

ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​ប្រជា‌ជាតិ​ជិត​ខាង​អ៊ីស្រា‌អែល

1 នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ស្រុក​ហាត្រាក ព្រះ‌បន្ទូល​នោះ​នឹង​ស្ថិត​លើ​ក្រុង​ដាម៉ាស ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ទត​មើល​អស់​ទាំង​មនុស្ស​ជាតិ​ដូច​ជា​ទត​មើល​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែរ

2 ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំ‌ដែន​នឹង​គេ ហើយ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​ផង ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ

3 ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សំរាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ

4 តែ​មើល ព្រះ‌អម្ចាស់ ទ្រង់​នឹង​ទំលាក់​គេ​ចេញ ព្រម​ទាំង​វាយ​កំឡាំង​របស់​គេ​ដែល​នៅ​ក្នុង​សមុទ្រ ហើយ​ទី​ក្រុង​នោះ​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង

5 ឯ​ក្រុង​អាស‌កា‌ឡូន ក៏​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ភ័យ ព្រម​ទាំង​ក្រុង​កាសា​ផង នោះ​គេ​នឹង​មាន​សេចក្ដី​ឈឺ​ចាប់​ជា​ខ្លាំង​នឹង​ក្រុង​អេក្រុន ដ្បិត​ទី​សង្ឃឹម​របស់​គេ​នឹង​ទៅ ជា​ទី​អាម៉ាស់​ខ្មាស​វិញ ឯ​ស្តេច​នឹង​វិនាស​បាត់​ពី​ក្រុង​កាសា ហើយ​ក្រុង​អាស‌កា‌ឡូន នឹង​ឥត​មាន​មនុស្ស​អាស្រ័យ​នៅ​ទៀត

6 នឹង​មាន​សុទ្ធ​តែ​ពួក​កូន​កាត់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​អំនួត​របស់​សាសន៍​ភីលីស្ទីន

7 អញ​នឹង​ដក​យក​ឈាម​ចេញ​ពី​មាត់​គេ ព្រម​ទាំង​សាច់​ដែល​គួរ​ស្អប់​ខ្ពើម ចេញ​ពី​កណ្តាល​ធ្មេញ​គេ​ដែរ នោះ​គេ​នឹង​បាន​សល់​នៅ​សំរាប់​គោរព​ដល់​ព្រះ​នៃ​យើង ហើយ​នឹង​បាន​ដូច​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា ឯ​ពួក​ក្រុង​អេក្រុន​នឹង​ដូច​ជា​ពួក​ក្រុង​យេប៊ូស​វិញ

8 អញ​នឹង​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ​វិហារ​របស់​អញ ទាស់​នឹង​ពល​ទ័ព ដើម្បី​មិន​ឲ្យ​មាន​គេ​ដើរ​កាត់ ឬ​វិល​មក​វិញ​ឡើយ និង​គ្មាន​ពួក​សង្កត់‌សង្កិន​ណា​ដើរ​កាត់​ពួក​គេ​ទៀត​ឡើយ ដ្បិត​ឥឡូវ​នេះ ភ្នែក​អញ​បាន​ឃើញ​ហើយ។

ព្រះ‌អម្ចាស់​សង្គ្រោះ​ក្រុង​យេរូ‌សាឡិម

9 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា

10 អញ​នឹង​កាត់​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រា‌អិម និង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ឯ​ធ្នូ​ចំបាំង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ជា​សេចក្ដី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត។

11 ឯ​នាង​ដែរ អញ​បាន​លែង​ពួក​ជាប់​គុក​របស់​នាង ឲ្យ​រួច​ចេញ​ពី​រណ្តៅ​ដែល​គ្មាន​ទឹក ដោយ​ព្រោះ​ឈាម​នៃ​សេចក្ដី​សញ្ញា​របស់​ឯង

12 ឱ​ពួក​អ្នក​ជាប់​គុក ដែល​មាន​សេចក្ដី​សង្ឃឹម​អើយ ចូរ​វិល​មក​ឯ​ទី​មាំ‌មួន​ចុះ នៅ​ថ្ងៃ​នេះ​ឯង អញ​ប្រកាស​ថា អញ​នឹង​សង​ឯង​១​ជា​២

13 ដ្បិត​អញ​បាន​ដំឡើង​យូដា​ដូច​ជា​ធ្នូ ហើយ​ដាក់​អេប្រា‌អិម​នៅ​ធ្នូ អញ​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ អញ​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​ឯង ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រេក ហើយ​នឹង​ធ្វើ​ឲ្យ​ឯង បាន​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ

14 គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​ឯង ព្រួញ​ទ្រង់​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ផ្លុំ​ត្រែ ក៏​នឹង​ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង

15 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ការ‌ពារ​គេ គេ​នឹង​លេប​បំបាត់ ហើយ​ឈ្នះ​គ្រាប់​ក្រួស​ដែល​បាញ់​មក គេ​នឹង​ផឹក ហើយ​ធ្វើ​សូរ‌សព្ទ ដូច​ជា​សូរ​ដែល​កើត​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​នឹង​បាន​ពេញ​ដូច​ជា​ចាន គឺ​ជា​ចាន​នៅ​ជ្រុង​អាសនា

16 នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ទ្រង់​នឹង​ជួយ​សង្គ្រោះ​គេ ទុក​ដូច​ជា​ហ្វូង​ចៀម ជា​រាស្ត្រ​របស់​ទ្រង់ ដ្បិត​គេ​នឹង​បាន​ដូច​ជា​ត្បូង​ដាំ​នៅ​មកុដ​ដែល​ភ្លឺ​ផ្លេក នៅ​លើ​ស្រុក​របស់​ទ្រង់

17 ដ្បិត​សេចក្ដី​ចំរើន​របស់​គេ​ធំ​ណាស់​ហ្ន៎ ហើយ​សេចក្ដី​លំអ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎ ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំឡោះៗ​ចំរើន​កំឡាំង​ឡើង ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ​ឲ្យ​ពួក​ក្រមុំៗ​បាន​ចំរើន​ដូច​គ្នា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14