4 តែមើល ព្រះអម្ចាស់ ទ្រង់នឹងទំលាក់គេចេញ ព្រមទាំងវាយកំឡាំងរបស់គេដែលនៅក្នុងសមុទ្រ ហើយទីក្រុងនោះនឹងត្រូវឆេះដោយភ្លើង
5 ឯក្រុងអាសកាឡូន ក៏នឹងឃើញដែរ ហើយនឹងមានសេចក្ដីភ័យ ព្រមទាំងក្រុងកាសាផង នោះគេនឹងមានសេចក្ដីឈឺចាប់ជាខ្លាំងនឹងក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេនឹងទៅ ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ហើយក្រុងអាសកាឡូន នឹងឥតមានមនុស្សអាស្រ័យនៅទៀត
6 នឹងមានសុទ្ធតែពួកកូនកាត់នៅក្នុងក្រុងអាសដូឌ ហើយអញនឹងបំផ្លាញសេចក្ដីអំនួតរបស់សាសន៍ភីលីស្ទីន
7 អញនឹងដកយកឈាមចេញពីមាត់គេ ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម ចេញពីកណ្តាលធ្មេញគេដែរ នោះគេនឹងបានសល់នៅសំរាប់គោរពដល់ព្រះនៃយើង ហើយនឹងបានដូចជាចៅហ្វាយនៅស្រុកយូដា ឯពួកក្រុងអេក្រុននឹងដូចជាពួកក្រុងយេប៊ូសវិញ
8 អញនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់អញ ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ និងគ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតឡើយ ដ្បិតឥឡូវនេះ ភ្នែកអញបានឃើញហើយ។
9 ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
10 អញនឹងកាត់រទេះចំបាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូចំបាំងនឹងត្រូវកាត់ចេញ ហើយទ្រង់នឹងមានព្រះបន្ទូលជាសេចក្ដីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។