8 អញនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់អញ ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ និងគ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតឡើយ ដ្បិតឥឡូវនេះ ភ្នែកអញបានឃើញហើយ។
9 ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
10 អញនឹងកាត់រទេះចំបាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូចំបាំងនឹងត្រូវកាត់ចេញ ហើយទ្រង់នឹងមានព្រះបន្ទូលជាសេចក្ដីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។
11 ឯនាងដែរ អញបានលែងពួកជាប់គុករបស់នាង ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់ឯង
12 ឱពួកអ្នកជាប់គុក ដែលមានសេចក្ដីសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះឯង អញប្រកាសថា អញនឹងសងឯង១ជា២
13 ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនឹងធ្វើឲ្យឯង បានដូចជាដាវរបស់មនុស្សខ្លាំងពូកែ
14 គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង