អេម៉ុស 4 KHOV

1 ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ ឯង​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី កំពុង​សង្កត់‌សង្កិន​ពួក​ក្រីក្រ ហើយ​ជាន់​ឈ្លី​ពួក​កំសត់​ទុគ៌ត ឯង​និយាយ​ដល់​ចៅ‌ហ្វាយ​របស់​ខ្លួន​ថា ចូរ​នាំ​យក​មក​ឲ្យ​យើង​បាន​ផឹក​ជា​មួយ​គ្នា

2 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់​ថា ចាំ​មើល​ចុះ នឹង​មាន​គ្រា​មក​លើ​ឯង​រាល់​គ្នា ជា​គ្រា​ដែល​គេ​នឹង​ដឹក​អូស​នាំ​ឯង​រាល់​គ្នា​ចេញ​ទៅ ដោយ‌សារ​ទំពក់ និង​សំណល់​នៃ​ឯង​រាល់​គ្នា​ដោយ​សន្ទូច

3 នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បន្ទាយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

4 ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូរ​មក​ឯ​បេត-អែល​ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ចុះ ក៏​មក​ឯ​គីលកាល​ដែរ ហើយ​ចំរើន​អំពើ​រំលង​ជា​ច្រើន​ឡើង ចូរ​នាំ​យក​យញ្ញ‌បូជា​របស់​ឯង​មក​រាល់​តែ​ព្រឹក ហើយ​ដង្វាយ​១​ភាគ​ក្នុង​១០​របស់​ឯង​រាល់​តែ​៣​ថ្ងៃ

5 ត្រូវ​ឲ្យ​បូជា​ថ្វាយ​នំបុ័ង ដែល​មាន​ដំបែរ​ទុក​ជា​ដង្វាយ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​ឯង​រាល់​គ្នា​គាប់​ចិត្ត​យ៉ាង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។

6 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ក៏​ឲ្យ​ឯង​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង ហើយ​ឲ្យ​ខ្វះ​ខាត​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​ឯង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​មិន​បាន​វិល​ត្រឡប់​មក​ឯ​អញ​ដែរ

7 អញ​បាន​ទាំង​បិទ​ទប់ មិន​បង្អុរ​ភ្លៀង​ដល់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ខ្វះ​តែ​៣​ខែ​នឹង​ដល់​រដូវ​ចំរូត​ហើយ​ផង អញ​បាន​ឲ្យ​ភ្លៀង​ធ្លាក់​ទៅ​លើ​ទី​ក្រុង​១ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ទី​ក្រុង​១​ទៀត ស្រែ​១​មាន​ភ្លៀង​ធ្លាក់ ហើយ​១​ទៀត​ដែល​ឥត​មាន​ក៏​ស្វិត​ក្រៀម​ទៅ

8 បាន​ជា​ទី​ក្រុង​២ ឬ​៣​ក៏​ដើរ​ចច្រប់​ទៅ​ឯ​ទី​ក្រុង​១ ដើម្បី​ផឹក​ទឹក តែ​មិន​បាន​ឆ្អែត​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ​គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

9 អញ​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា ដោយ​ស្រូវ​ស្កក ហើយ​ក្រាចាប់ ឯ​អស់​ទាំង​សួន និង​ចំការ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ដើម​ល្វា និង​ដើម​អូលីវ​ដ៏​បរិបូរ​របស់​ឯង​រាល់​គ្នា នោះ​ដង្កូវ​បាន​ស៊ី​បំផ្លាញ​អស់​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

10 អញ​បាន​ចាត់​ប្រើ​អាសន្ន‌រោគ​ឲ្យ​មក​នៅ​កណ្តាល​ឯង​រាល់​គ្នា បែប​ដូច​ជា​នៅ​ស្រុក​អេស៊ីព្ទ អញ​បាន​ប្រហារ​ជីវិត​ពួក​កំឡោះៗ​របស់​ឯង​រាល់​គ្នា​ដោយ​ដាវ ហើយ​បាន​ដឹក​សេះ​ទាំង​ប៉ុន្មាន​របស់​ឯង​ទៅ​បាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​បោះ​ទ័ព​របស់​ឯង បាន​សាយ​ឡើង​ដល់​ច្រមុះ​របស់​ឯង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

11 អញ​បាន​បំផ្លាញ​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ដូច​កាល​ព្រះ​ទ្រង់​បាន​បំផ្លាញ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ហើយ​ឯង​រាល់​គ្នា​បាន​ដូច​ជា​អង្កត់​ឱស ដែល​គេ​កន្ត្រាក់​រោច​ចេញ​ពី​ភ្លើង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ។

12 ហេតុ​នោះ ឱ​អ៊ីស្រា‌អែល​អើយ អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ត​ទៅ ហើយ​ដោយ​ព្រោះ​អញ​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ឯង បាន​ជា ឱ​អ៊ីស្រា‌អែល​អើយ ចូរ​រៀប‌ចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ

13 ដ្បិត​មើល ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ភ្នំ​ទាំង​ប៉ុន្មាន ក៏​បង្កើត​ខ្យល់ ហើយ​ថ្លែង​ប្រាប់​ដល់​មនុស្ស​អំពី​គំនិត​ដែល​នៅ​ក្នុង​ខ្លួន​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ពេល​ព្រឹក​ព្រហាម​ទៅ​ជា​ងងឹត ហើយ​យាង​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ផង ព្រះ‌នាម​របស់​ទ្រង់​គឺ «យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ»។

ជំពូក

1 2 3 4 5 6 7 8 9