អេម៉ុស 2 KHOV

1 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​ម៉ូអាប់ អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដំម​ធ្វើ​ជា​កំបោរ

2 អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ម៉ូអាប់ ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​កេរីយ៉ុត​អស់​ទៅ ហើយ​ម៉ូអាប់​នឹង​ស្លាប់​ទៅ​ដោយ​សូរ​គ្រាំ‌គ្រេង ដោយ​សំរែក​ឮ​លាន់ និង​សូរ​ផ្លុំ​ត្រែ

3 អញ​នឹង​កាត់​ចៅ‌ក្រម​ពី​កណ្តាល​គេ​ចេញ ព្រម​ទាំង​សំឡាប់​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​ជា​មួយ​នឹង​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

4 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​យូដា អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​សោះ ឯ​របស់​កំភូត​ដែល​ពួក​អយ្យកោ​គេ​បាន​គោរព​តាម នោះ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ

5 អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ពួក​យូដា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡិម​អស់​ទៅ។

6 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​លក់​មនុស្ស​សុចរិត​ឲ្យ​បាន​ប្រាក់ ហើយ​មនុស្ស​កំសត់​ទុគ៌ត​ផង ឲ្យ​បាន​ស្បែក​ជើង​១​សំរាប់

7 សូម្បី​តែ​ធូលី​ដី​ដែល​នៅ​លើ​ក្បាល​មនុស្ស​កំសត់​ទុគ៌ត​នោះ គេ​ក៏​ដង្ហក់​ចង់​បាន​ដែរ ហើយ​គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​រាប​ទាប ឯ​ទាំង​កូន និង​ឪពុក​ក៏​ចូល​ទៅ​ឯ​ស្រី​ក្រមុំ​តែ​១ ជា​ការ​ដែល​បង្អាប់​ដល់​នាម​បរិសុទ្ធ​របស់​អញ

8 គេ​ក្រាល​សំលៀក‌បំពាក់ ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ​ដែរ។

9 ប៉ុន្តែ​អញៗ​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​តាត្រៅ ហើយ​មាន​កំឡាំង ដូច​ដើម​ម៉ៃសាក់​ចេញ​ពី​មុខ​ឯង​ទៅ គឺ​អញ​បាន​បំផ្លាញ​ទាំង​ផល​គេ​ខាង​លើ និង​ឫស​គេ​នៅ​ខាង​ក្រោម​ផង

10 អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​នាំ​មុខ​ឯង នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ឲ្យ​បាន​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ

11 អញ​បាន​តាំង​ពួក​កូន​ចៅ​ខ្លះ​របស់​ឯង​រាល់​គ្នា​ឡើង​ធ្វើ​ជា​ហោរា និង​ពួក​កំឡោះ​ខ្លះ​របស់​ឯង​ធ្វើ​ជា​ពួក​ន៉ាសារីត ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ឬ

12 ប៉ុន្តែ ឯង​រាល់​គ្នា​ឲ្យ​ពួក​ន៉ាសារីត​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​វិញ ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ឡើយ។

13 មើល អញ​នឹង​កិន​ឯង​រាល់​គ្នា នៅ​ទី​កន្លែង​របស់​ឯង ដូច​ជា​រទេះ​ដែល​ពេញ​ដោយ​កណ្តាប់​តែង​កិន​ដី​ដែរ

14 នោះ​អំណាច​រត់​រួច នឹង​បាត់​ចេញ​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កំឡាំង ក៏​មិន​បាន​ចំរើន​កំឡាំង​របស់​ខ្លួន​ដែរ ហើយ​មនុស្ស​ពូកែ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​មិន​បាន

15 អ្នក​ណា​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន ឯ​អ្នក​ដែល​មាន​ថ្វី​ជើង នោះ​មិន​បាន​រួច​ដែរ ហើយ​អ្នក​ដែល​ជិះ​សេះ នឹង​មិន​ដោះ​ខ្លួន​ឲ្យ​រួច​បាន​ឡើយ

16 ចំណែក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត ក្នុង​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ជំពូក

1 2 3 4 5 6 7 8 9