1 ព្រះអម្ចាស់យេហូវ៉ា ទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល មានកំប្រោង១ពេញដោយផ្លែរដូវក្តៅ
2 ហើយទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ ឯងឃើញអ្វី នោះខ្ញុំទូលឆ្លើយថា ឃើញកំប្រោងពេញដោយផ្លែរដូវក្តៅ រួចព្រះយេហូវ៉ាទ្រង់ប្រាប់ខ្ញុំថា ចុងបំផុតបានមកដល់អ៊ីស្រាអែល ជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ
3 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះបទចំរៀងដែលច្រៀងនៅក្នុងព្រះវិហារ នឹងត្រឡប់ជាសំរែកទ្រហោយំវិញ នឹងមានសាកសពយ៉ាងសន្ធឹកនៅគ្រប់ទីកន្លែង គេនឹងបោះសពទាំងនោះចេញដោយស្ងៀមស្ងាត់។
4 ម្នាល ពួកអ្នកដែលចង់លេបមនុស្សកំសត់ទុគ៌តទៅ ដើម្បីនឹងធ្វើឲ្យមនុស្សក្រីក្រនៅក្នុងស្រុកបាត់ចេញ
5 ដោយពាក្យថា តើដល់កាលណាបានផុតពីថ្ងៃបុណ្យចូលខែទៅ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយនឹងថ្ងៃឈប់សំរាកដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី ព្រមទាំងធ្វើបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចឆបំបាត់ដោយជញ្ជីងមិនត្រឹមត្រូវ
6 ប្រយោជន៍ឲ្យបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកំសត់ទុគ៌ត ដោយស្បែកជើង១សំរាប់ ព្រមទាំងលក់សំដីស្រូវផង ចូរស្តាប់សេចក្តីនេះចុះ
7 ព្រះយេហូវ៉ាទ្រង់បានស្បថដោយសិរីល្អនៃយ៉ាកុបថា ពិតប្រាកដជាអញនឹងមិនដែលភ្លេចអំពើរបស់គេណា១ឡើយ
8 ដោយហេតុទាំងនោះ តើស្រុកមិនញាប់ញ័រទេឬអី ហើយគ្រប់ទាំងមនុស្សនៅក្នុងស្រុក តើមិនសោយសោកឬ អើស្រុកនេះទាំងមូលនឹងឡើងលិចដូចទន្លេធំ នឹងចំរើនដី ហើយស្រោចស្រព រួចស្រកទៅវិញ ដូចជាទន្លេនៃស្រុកអេស៊ីព្ទ
9 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងធ្វើឲ្យព្រះអាទិត្យលិចទៅ នៅពេលថ្ងៃត្រង់ ឲ្យផែនដីបានទៅជាងងឹត កំពុងដែលមេឃនៅស្រឡះផង
10 អញនឹងធ្វើបុណ្យទាំងប៉ុន្មានរបស់ឯងរាល់គ្នាទៅជាការយំសោក ហើយឲ្យបទចំរៀងរបស់ឯងរាល់គ្នាទៅជាពាក្យទំនួញវិញ អញនឹងធ្វើឲ្យគ្រប់ទាំងចង្កេះបានស្លៀកដោយសំពត់ធ្មៃ ហើយគ្រប់ទាំងក្បាលបានត្រងោលផង អញនឹងធ្វើឲ្យមានការយំសោក ដូចជាការយំសោកនឹងកូនតែមួយ ឯចុងបំផុតនៃការនោះនឹងត្រូវជាថ្ងៃយ៉ាងល្វីង។
11 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល មានគ្រាមក ដែលអញនឹងចាត់ប្រើអំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ
12 គេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយពីទិសខាងជើងរហូតដល់ទិសខាងកើត គេនឹងរត់ច្រវាត់ខំរកព្រះបន្ទូលនៃព្រះយេហូវ៉ា តែនឹងមិនប្រទះឡើយ
13 នៅថ្ងៃនោះ ពួកក្រមុំៗយ៉ាងល្អ និងពួកកំឡោះៗនឹងល្វើយទៅដោយស្រេក
14 ពួកអ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី ដោយថា «ដូចជាព្រះឯងរស់នៅ ឱដាន់អើយ»ហើយថា «ដូចជាផ្លូវប្រព្រឹត្តនៃបៀរ-សេបាបានរស់នៅ»ដែរ ពួកទាំងនោះនឹងដួល ឥតក្រោកឡើងវិញឡើយ។