អេម៉ុស 9 KHOV

1 ខ្ញុំ​ក៏​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ក្បែរ​អាសនា ហើយ​ទ្រង់​បង្គាប់​ថា ចូរ​វាយ​ក្បាល​សសរ​ឲ្យ​ជើង​ត្រូវ​ញ័រ ហើយ​បំបែក​នៅ​លើ​ក្បាល​របស់​មនុស្ស​ទាំង​អស់ រួច​ពួក​អ្នក​ដែល​សល់ អញ​នឹង​ប្រហារ​ដោយ​ដាវ ឥត​មាន​អ្នក​ណា​១​ដែល​រត់​ទៅ​បាន ឬ​អ្នក​ណា​ដែល​នឹង​រួច​ឡើយ

2 ទោះ​បើ​គេ​ជីក​ទំលុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​ដោយ គង់​តែ​ដៃ​អញ​នឹង​ចាប់​គេ​មក​ពី​ទី​នោះ​ដែរ ហើយ​ទោះ​បើ​គេ​ប្រឹង​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌ គង់​តែ​អញ​នឹង​នាំ​គេ​ចុះ​ពី​នោះ​មក​វិញ

3 ទោះ​បើ​គេ​ពួន​ខ្លួន​នៅ​លើ​កំពូល​ភ្នំ​កើមែល​ក៏​ដោយ គង់​តែ​អញ​នឹង​រក​គេ ហើយ​ចាប់​នាំ​ចេញ​ពី​ទី​នោះ​មក ទោះ​បើ​បាន​លាក់​កំបាំង​ពី​ភ្នែក​អញ​នៅ​ទី​បាតាល​នៃ​សមុទ្រ​ក៏​ដោយ គង់​តែ​អញ​នឹង​បង្គាប់​ដល់​នាគ ហើយ​វា​នឹង​ចឹក​គេ​នៅ​ទី​នោះ

4 ទោះ​បើ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​នៅ​ពី​មុខ​ខ្មាំង​សត្រូវ គង់​តែ​អញ​នឹង​បង្គាប់​ដល់​ដាវ ហើយ​ដាវ​នឹង​សំឡាប់​គេ​នៅ​ទី​នោះ​ដែរ អើ អញ​នឹង​ផ្តោត​ភ្នែក​ទៅ​ឯ​គេ សំរាប់​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ។

5 ដ្បិត​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទ្រង់​ជា​ព្រះ​ដែល​គ្រាន់​តែ​ពាល់​ផែនដី នោះ​ផែនដី​ក៏​រលាយ​ទៅ ហើយ​អស់​អ្នក​ដែល​អាស្រ័យ​នៅ ក៏​នឹង​សោក‌សៅ ឯ​ស្រុក​គេ​ទាំង​មូល​នឹង​ឡើង​ដូច​ជា​ទន្លេ​ធំ រួច​ស្រក​ទៅ​វិញ​ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ

6 ឯ​ព្រះ​ដែល​បាន​សាង​អស់​ទាំង​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់ នៅ​លើ​ស្ថាន‌សួគ៌ ហើយ​តាំង​ជីវិត​ទាំង‌ឡាយ ឲ្យ​នៅ​ផែនដី ក៏​តែង​តែ​បង្គាប់​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែនដី​វិញ ទ្រង់​ព្រះ‌នាម​ជា «ព្រះ‌យេហូវ៉ា»។

7 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​ឯង​រាល់​គ្នា​មិន​មែន​ដូច​ជា​ពួក​កូន​ចៅ​របស់​សាសន៍​អេធីយ៉ូពី​ដល់​អញ​ទេ​ឬ តើ​មិន​មែន​អញ​ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពួក​ភីលីស្ទីន​ពី​ស្រុក​កាប់ថោរ ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ​អី

8 មើល ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ក៏​ទត​ឃើញ​នគរ​នេះ ដែល​មាន​បាប ហើយ​អញ​នឹង​បំផ្លាញ​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ តែ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មិន​បំផ្លាញ​ពួក​វង្ស​យ៉ាកុប​អស់​រលីង​ទេ

9 ដ្បិត​មើល អញ​នឹង​បង្គាប់​ហើយ​នឹង​រែង​ពួក​វង្ស​អ៊ីស្រា‌អែល​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដូច​ជា​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង ឥត​មាន​គ្រាប់​ណា​១​ធ្លាក់​ដល់​ដី​ឡើយ

10 អស់​អ្នក​មាន​បាប​ក្នុង​រាស្ត្រ​អញ ដែល​ពោល​ថា ការ​អាក្រក់​នឹង​តាម​យើង​មិន​ទាន់ ឬ​ប្រទះ​នឹង​យើង​ឡើយ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។

11 នៅ​ថ្ងៃ​នោះ​អញ​នឹង​លើក​ទី​លំនៅ​របស់​ដាវីឌ​ឡើង​វិញ គឺ​ជា​ទី​ដែល​ត្រូវ​រលំ ហើយ​នឹង​បិទ​ចន្លោះ​បាក់​បែក​ឲ្យ​ជិត អញ​នឹង​លើក​ទី​ខូច​បង់​ឡើង ហើយ​សង់​ឡើង​ឲ្យ​ដូច​ជា​កាល​ពី​ដើម

12 ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ជា​ម្ចាស់ លើ​សំណល់​នៃ​សាសន៍​អេដំម និង​អស់​ទាំង​សាសន៍​ផ្សេងៗ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ

13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល មាន​ថ្ងៃ​មក ដែល​អ្នក​ភ្ជួរ‌រាស់​នឹង​ធ្វើ​ការ ដរាប​ដល់​ជួប​នឹង​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​ធ្វើ​ការ​ដរាប​ដល់​ជួប​នឹង​អ្នក​ដែល​សាប‌ព្រោះ នោះ​ភ្នំ​ធំ​ទាំង​ប៉ុន្មាន នឹង​ស្រក់​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដែរ

14 អញ​នឹង​នាំ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ គេ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ខូច​បង់​ឡើង ព្រម​ទាំង​អាស្រ័យ​នៅ​ផង គេ​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ក៏​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​ផល​ពី​ចំការ​នោះ គេ​នឹង​ដាំ​ច្បារ ហើយ​ស៊ី​ផល​នោះ​ដែរ

15 អញ​នឹង​ដាំ​គេ​ចុះ នៅ​ក្នុង​ស្រុក​របស់​គេ ហើយ​គេ​មិន​ត្រូវ​រលើង​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​អញ​ឲ្យ​ដល់​គេ​នោះ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។:៚

ជំពូក

1 2 3 4 5 6 7 8 9