7 គេជួលពួកជាងថ្ម និងពួកជាងឈើ ក៏ឲ្យស្បៀងអាហារ និងគ្រឿងផឹក ហើយប្រេងដល់ពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ឲ្យគេទៅនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េតាមផ្លូវសមុទ្រ ដូចជាស៊ីរូស ជាស្តេចពើស៊ី បានប្រោសអនុញ្ញាតឲ្យ។
8 នៅខែពិសាខ ក្នុងឆ្នាំទី២ តាំងពីគេមកដល់ព្រះវិហារនៃព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ជាបងប្អូនគេឯទៀត ហើយអស់ពួកអ្នក ដែលបានចេញពីសណ្ឋានជាឈ្លើយ មកដល់ក្រុងយេរូសាឡិមហើយ គេចាប់តាំងធ្វើការឡើង ក៏ដំរូវឲ្យពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅ បានចាត់ចែងការរបស់ព្រះវិហារនៃព្រះយេហូវ៉ា
9 នោះយេសួរ និងពួកកូនចៅ ហើយបងប្អូនលោក អ័ឌីអែល និងកូនចៅលោកដែលជាពួកយូដា និងពួកកូនរបស់ហេណាដាឌ ព្រមទាំងកូនចៅគេ និងពួកលេវី ជាបងប្អូនគេផង ក៏ប្រឹងប្រែងត្រួតមើលពួកជាង ដែលធ្វើការក្នុងព្រះវិហារនៃព្រះ។
10 កាលពួកជាងកំពុងតែដាក់ជើងជញ្ជាំង របស់ព្រះវិហារនៃព្រះយេហូវ៉ាចុះ នោះគេចាត់ពួកសង្ឃ ឲ្យស្លៀកពាក់ប្រដាប់សង្ឃ ហើយកាន់ត្រែ ព្រមទាំងពួកលេវី ជាកូនចៅអេសាភ ឲ្យកាន់ឈឹង ដើម្បីសរសើរដល់ព្រះយេហូវ៉ា តាមរបៀបរបស់ដាវីឌ ជាស្តេចអ៊ីស្រាអែល
11 គេក៏ច្រៀងឆ្លើយគ្នា ដោយពាក្យសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ សេចក្តីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ដល់ពួកអ៊ីស្រាអែល រួចបណ្តាជនក៏ស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ាយ៉ាងនោះ ដោយព្រោះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា បានដាក់ស្រេចហើយ
12 តែមានគ្នាច្រើន ក្នុងពួកសង្ឃ ពួកលេវី និងពួកអ្នកជាកំពូលលើវង្សនៃពួកអយ្យកោ ជាមនុស្សចាស់ដែលឃើញព្រះវិហារមុន គេក៏យំជាខ្លាំង ក្នុងកាលដែលឃើញដាក់ជើងជញ្ជាំងព្រះវិហារនេះ ក៏មានគ្នាជាច្រើនបានស្រែកហ៊ោដោយសេចក្តីរីករាយដែរ
13 ដល់ម៉្លេះបានជាបណ្តាជនរកស្គាល់សូរសំឡេងណាដែលអរសប្បាយ និងសូរសំឡេងរបស់អ្នកដែលយំ នោះមិនបានទេ ពីព្រោះគេស្រែកជាយ៉ាងខ្លាំង ហើយសូរសំរែកនោះ ក៏ឮទៅឆ្ងាយផង។