1 កាលការទាំងនោះបានសំរេចអស់ហើយ នោះពួកអ្នកជាប្រធាន ក៏មកឯខ្ញុំនិយាយថា ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ
2 ដ្បិតគេបានយកកូនស្រីក្រមុំនៃសាសន៍ទាំងនោះសំរាប់ខ្លួនគេ និងសំរាប់កូនប្រុសគេដែរ យ៉ាងនោះពូជបរិសុទ្ធបានលាយឡំនឹងពួកអ្នកស្រុកទាំងនេះ ហើយគឺពួកអ្នកជាប្រធាន និងពួកចៅហ្វាយជាលេខ១ ក្នុងការរំលងនេះដែរ
3 កាលខ្ញុំបានឮសេចក្តីនោះ ខ្ញុំក៏ហែកសំលៀកបំពាក់ បោចសក់ក្បាល និងពុកចង្ការបស់ខ្ញុំ ហើយស្លុតចិត្តអង្គុយនៅ
4 គ្រានោះ អស់អ្នកណាដែលញាប់ញ័រចំពោះព្រះបន្ទូល នៃព្រះរបស់សាសន៍អ៊ីស្រាអែល គេក៏មូលគ្នាមកឯខ្ញុំ ដោយព្រោះអំពើរំលងរបស់ពួកអ្នក ដែលមកពីឈ្លើយនោះ តែខ្ញុំស្លុតចិត្តអង្គុយនៅ ដរាបដល់ពេលដង្វាយល្ងាច។
5 នៅពេលថ្វាយដង្វាយល្ងាច នោះខ្ញុំបានក្រោកពីទុក្ខព្រួយនោះឡើង មានទាំងអាវក្នុង និងអាវក្រៅរហែក រួចខ្ញុំផ្តួលខ្លួនក្រាបចុះ លើកដៃប្រទូលទៅឯព្រះយេហូវ៉ា ជាព្រះនៃខ្ញុំទូលថា
6 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីខ្មាស ហើយក៏ក្រហមមុខ និងងើបមើលទៅទ្រង់ ជាព្រះនៃទូលបង្គំផង ពីព្រោះការទុច្ចរិតរបស់យើងខ្ញុំបានចំរើនជាច្រើនឡើង ដល់លិចក្បាលយើងខ្ញុំ ហើយទោសរបស់យើងខ្ញុំក៏កើនឡើង ដល់ផ្ទៃមេឃដែរ
7 ចាប់តាំងពីគ្រាពួកអយ្យកោយើងខ្ញុំ ដរាបមកដល់សព្វថ្ងៃនេះ យើងខ្ញុំមានទោសជាទំងន់ក្រៃពេក ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាយើងខ្ញុំ ព្រមទាំងពួកស្តេច និងពួកសង្ឃរបស់យើងខ្ញុំ បានត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកស្តេចស្រុកដទៃ ដល់ដាវ ដល់សណ្ឋានជាឈ្លើយ ដល់ការរឹបជាន់ ហើយដល់សេចក្តីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ
8 ហើយឥឡូវ នៅវេលា១ភ្លែតនេះ មានព្រះគុណសំដែងមកដល់យើងខ្ញុំ អំពីព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ឲ្យបានអ្នកខ្លះរួចចេញ ហើយឲ្យបានបង្គោល១នៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ប្រយោជន៍ឲ្យព្រះនៃយើងខ្ញុំបានបំភ្លឺភ្នែកយើងខ្ញុំ ហើយប្រោសឲ្យយើងខ្ញុំបានរស់ឡើងវិញបន្តិច នៅក្នុងការបំរើគេនេះ
9 ដ្បិតយើងខ្ញុំជាបាវបំរើគេមែន តែព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ កំពុងដែលនៅបំរើគេនោះទេ គឺបានផ្តល់សេចក្តីសប្បុរសមកយើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅភ្នែកនៃពួកស្តេចសាសន៍ពើស៊ីផង ដើម្បីនឹងតាំងព្រះវិហារនៃព្រះរបស់យើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែង នៅស្រុកយូដា និងក្រុងយេរូសាឡិមឡើងផង
10 តែឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ដែលមានការយ៉ាងនេះ នោះតើយើងខ្ញុំនឹងថាដូចម្តេចទៅ ដ្បិតយើងខ្ញុំបានបោះបង់ចោលក្រឹត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ចេញ
11 ជាសេចក្តីដែលទ្រង់បានបង្គាប់មក ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ថា ស្រុកដែលឯងរាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកស្មោកគ្រោក ដោយព្រោះការស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដែលនៅស្រុកនោះ ហើយដោយព្រោះការគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ឲ្យស្រុកនោះបានពេញ ដោយសេចក្តីស្មោកគ្រោករបស់គេ ចាប់តាំងពីចុងម្ខាងដល់ចុងម្ខាង
12 ដូច្នេះ កុំឲ្យឯងរាល់គ្នាលើកកូនស្រីរបស់ខ្លួន ឲ្យទៅកូនប្រុសរបស់គេឡើយ ក៏កុំឲ្យយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ឯង ឬរកសេចក្តីសុខដល់គេ ឬឲ្យគេបានចំរើនឡើងដែរ ប្រយោជន៍ឲ្យឯងរាល់គ្នាមានកំឡាំង ហើយឲ្យបានចំអែត ដោយផលល្អរបស់ស្រុកនោះ ព្រមទាំងទុកជាមរដកដល់កូនចៅឯងរាល់គ្នាតរៀងទៅ
13 ដូច្នេះ ក្រោយអស់ទាំងការដែលបានកើតដល់យើងខ្ញុំ ដោយព្រោះអំពើអាក្រក់ និងទោសរបស់យើងខ្ញុំ ដែលមានទំងន់ជាខ្លាំងម៉្លេះ ទោះបើទ្រង់ ឱព្រះនៃយើងខ្ញុំអើយ ទ្រង់មិនបានធ្វើទោសដល់យើងខ្ញុំ ឲ្យស្មើនឹងការទុច្ចរិតរបស់យើងខ្ញុំទេ ហើយបានទាំងប្រោស ឲ្យយើងខ្ញុំមានសំណល់រួចចេញដូច្នេះផង
14 ឥឡូវនេះ តើយើងខ្ញុំនឹងវិលទៅ ប្រព្រឹត្តរំលងក្រឹត្យក្រមរបស់ទ្រង់ទៀត ដោយភ្ជាប់ញាតិនឹងពួកសាសន៍នោះឯង ដែលប្រព្រឹត្តការគួរស្អប់ខ្ពើមទាំងនោះឬអី បើធ្វើដូច្នោះ តើទ្រង់មិនមានសេចក្តីក្រោធដល់យើងខ្ញុំ ដរាបដល់ទ្រង់បានបំផ្លាញអស់រលីងទេឬអី ឥតឲ្យមានសំណល់សល់ ឬអ្នកណាឲ្យបានរួចឡើយ
15 ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់សុចរិត ដ្បិតយើងខ្ញុំមានតែសំណល់ ដែលបានរួចប៉ុណ្ណោះទេ ដូចជាសព្វថ្ងៃនេះ មើល យើងខ្ញុំនៅចំពោះទ្រង់ មានជាប់ទាំងទោសផង ដ្បិតក្នុងអំពើយ៉ាងនេះ គ្មានអ្នកណានឹងឈរ នៅចំពោះទ្រង់បានឡើយ។