7 ក្នុងសំបុត្រដែលផ្ញើទៅស្តេចនោះមានសេចក្តីដូច្នេះថា សូមក្រាបថ្វាយបង្គំចូលមកដល់ព្រះករុណាដារីយុស សូមឲ្យទ្រង់បានប្រកប ដោយសេចក្តីសុខចំរើន
8 សូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំបានទៅក្នុងខេត្តយូដា គឺទៅមើលព្រះវិហារនៃព្រះដ៏ធំ ដែលគេកំពុងតែស្អាង ដោយថ្មយ៉ាងធំៗ ឃើញថាគេដាក់ធ្នឹមលើជញ្ជាំងរួចហើយ ការនោះក៏ធ្វើយ៉ាងឆាប់រហ័ស ហើយចំរើនឡើង ដោយសារដៃគេដែរ
9 ដូច្នេះ យើងខ្ញុំបានសាកសួរពួកចាស់ទុំរបស់គេថា តើអ្នកណាបានចេញបង្គាប់ឲ្យស្អាងព្រះវិហារនេះ ហើយនឹងធ្វើកំផែងនេះឡើង
10 យើងខ្ញុំក៏បានសួរឈ្មោះគេ ដើម្បីនឹងកត់ឈ្មោះមនុស្សទាំងប៉ុន្មាន ដែលជាមេរបស់គេ ផ្ញើមកថ្វាយទ្រង់ឲ្យបានជ្រាប
11 គេឆ្លើយមកយើងខ្ញុំដូច្នេះថា យើងខ្ញុំជាពួកអ្នកបំរើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយយើងខ្ញុំកំពុងតែស្អាងព្រះវិហារនេះឡើងវិញ ជាវិហារដែលស្តេចធំ នៃសាសន៍អ៊ីស្រាអែល១អង្គ បានស្អាងរួចជាស្រេច ជាយូរមកម្តងហើយ
12 តែនៅគ្រាដែលពួកអយ្យកោយើងខ្ញុំបានបណ្តាលឲ្យព្រះនៃស្ថានសួគ៌មានសេចក្តីក្រោធ នោះទ្រង់បានប្រគល់គេទៅក្នុងកណ្តាប់ព្រះហស្តនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាសាសន៍ខាល់ដេទៅ ស្តេចនោះបានបំផ្លាញព្រះវិហារនេះទៅ ក៏ដឹកនាំពួកបណ្តាជនទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន
13 តែនៅឆ្នាំដំបូង ក្នុងរាជ្យស៊ីរូស ជាស្តេចបាប៊ីឡូន នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ១ច្បាប់ឲ្យស្អាងព្រះវិហារនេះឡើងវិញ