1 ដូច្នេះ ស្តេចដារីយុសទ្រង់ចេញបង្គាប់ ហើយគេក៏ពិនិត្យរកក្នុងមន្ទីរលិខិត ជាកន្លែងដែលរក្សាទុកនូវព្រះរាជទ្រព្យក្នុងក្រុងបាប៊ីឡូន
2 ហើយគេឃើញមានក្រាំង១ នៅក្នុងព្រះរាជដំណាក់ នៅក្រុងអាក់មេថា ជាក្រុងធំរបស់ខេត្តមេឌី មានសេចក្តីកត់ទុកថា
3 នៅឆ្នាំទី១ ក្នុងរាជស៊ីរូស នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ ពីដំណើរព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមថា ត្រូវឲ្យស្អាងព្រះវិហារឡើងវិញ គឺជាកន្លែងដែលសំរាប់ថ្វាយយញ្ញបូជា ត្រូវឲ្យដាក់ជើងជញ្ជាំងវិហារនោះឲ្យមាំមួន ឯកំពស់ព្រះវិហារ ត្រូវជា៦០ហត្ថ ទទឹង៦០ហត្ថដែរ
4 ដោយថ្មយ៉ាងធំៗ៣ជាន់ និងឈើថ្មី១ជាន់ ឯប្រាក់ចំណាយ នោះត្រូវបើកមកពីឃ្លាំងហ្លួង
5 ចំណែកគ្រឿងប្រដាប់មាសប្រាក់របស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកពីព្រះវិហារ នៅក្រុងយេរូសាឡិម នាំមកឯក្រុងបាប៊ីឡូន នោះត្រូវប្រគល់ទៅវិញ ឲ្យបានយកទៅដាក់នៅកន្លែងធម្មតា ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមចុះ ត្រូវដាក់ទាំងអស់ទៅក្នុងព្រះវិហារនៃព្រះ។
6 ដូច្នេះ ត្រូវឲ្យថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយនឹងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនគេដែលនៅខាងនាយទន្លេ ឃ្លាតឆ្ងាយពីទីនោះទៅ
7 កុំឲ្យឃាត់ឃាំងការស្អាងព្រះវិហារនេះឡើយ ចូរទុកឲ្យចៅហ្វាយរបស់ពួកយូដា និងពួកចាស់ទុំរបស់គេ ស្អាងព្រះវិហារនេះនៅកន្លែងធម្មតានោះចុះ
8 មួយទៀតយើងចេញបង្គាប់ ពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដានេះ សំរាប់នឹងជួយស្អាងព្រះវិហារនៃព្រះជាយ៉ាងណាដែរ គឺត្រូវបើកព្រះរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសំរាប់នឹងចំណាយ ដើម្បីកុំឲ្យមានសេចក្តីអាក់ខានការនោះឡើយ
9 ព្រមទាំងរបស់អ្វីដែលគេត្រូវការផង ទោះទាំងគោស្ទាវ ចៀមឈ្មោល និងកូនចៀមសំរាប់ជាដង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡិមនឹងប្រាប់មក នោះត្រូវបើកឲ្យគេរាល់គ្នាតែថ្ងៃជាកុំខាន
10 ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ទុកជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេចនឹងពួកព្រះរាជបុត្រាស្តេចបានព្រះជន្មចំរើន
11 យើងក៏បានចេញបង្គាប់ថា បើអ្នកណាបំផ្លាស់បំប្រែប្រកាសនេះ នោះត្រូវដោះធ្នឹម១ ពីផ្ទះអ្នកនោះ បញ្ឈរឡើងចងកគេភ្ជាប់ទៅ រួចត្រូវប្រើផ្ទះគេទុកជាកន្លែងសំរាប់នឹងបន្ទោលាមក ដោយព្រោះហេតុនោះឯង
12 ហើយសូមឲ្យព្រះដែលបានប្រោសប្រទាន ឲ្យព្រះនាមទ្រង់សណ្ឋិតនៅទីនេះ បានទំលាក់អស់ទាំងស្តេចណា និងសាសន៍ណាដែលលូកដៃទៅធ្វើខុសនឹងប្រកាសនេះ ដើម្បីនឹងបំផ្លាញព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមនេះចេញផង យើង ដារីយុសបានចេញប្រកាសហើយ ដូច្នេះ ត្រូវឲ្យសំរេចសព្វគ្រប់តាមដោយខ្នះខ្នែងចុះ។
13 ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកគូកន គេក៏ធ្វើដោយខ្នះខ្នែង តាមសេចក្តីដែលស្តេចដារីយុសបានផ្ញើមកគ្រប់ចំពូក។
14 យ៉ាងនោះ ពួកចាស់ទុំនៃសាសន៍យូដាក៏ស្អាងឡើង ដោយមានសេចក្តីចំរើន ដោយនូវការទាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ គេបានស្អាងឡើង ដរាបដល់ហើយ តាមបង្គាប់ផងព្រះនៃសាសន៍អ៊ីស្រាអែល ហើយតាមព្រះឱង្ការនៃស៊ីរូស ដារីយុស និងអើថាស៊ើកសេស ជាស្តេចពើស៊ីផង
15 នៅថ្ងៃទី៣ ខែផល្គុណ ក្នុងឆ្នាំទី៦នៃរាជ្យស្តេចដារីយុស នោះព្រះវិហារបានស្អាងឡើងរួចជាស្រេច។
16 គ្រានោះ ពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី ព្រមទាំងពួកអ្នកដែលត្រូវនាំទៅជាឈ្លើយឯទៀត ក៏នាំគ្នាធ្វើបុណ្យឆ្លងព្រះវិហារនេះដោយអំណរ
17 គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ និងកូនចៀម៤០០ ជាដង្វាយឆ្លងព្រះវិហារ ហើយនឹងពពែ១២តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សំរាប់ជាដង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់
18 គេក៏តាំងពួកសង្ឃឡើង តាមផ្នែកពួកគេ ហើយពួកលេវីតាមវេន សំរាប់ធ្វើការងារនៃព្រះនៅក្រុងយេរូសាឡិម ដូចជាបានកត់ទុកក្នុងគម្ពីរលោកម៉ូសេហើយ។
19 ឯពួកអ្នកដែលត្រូវនាំទៅជាឈ្លើយនោះ គេក៏ធ្វើបុណ្យរំលងនៅថ្ងៃ១៤ខែចេត្រដែរ
20 ដ្បិតពួកសង្ឃ និងពួកលេវីបានសំអាតខ្លួនទាំងអស់គ្នារួចជាស្រេច គេសុទ្ធតែបានបរិសុទ្ធហើយ ដូច្នេះ គេបានសំឡាប់ចៀមសំរាប់ធ្វើបុណ្យរំលង ឲ្យពួកអ្នកដែលបាននាំទៅជាឈ្លើយទាំងប៉ុន្មាន ព្រមទាំងឲ្យពួកសង្ឃ ជាបងប្អូនគេ និងខ្លួនគេផង
21 រួចពួកកូនចៅអ៊ីស្រាអែល ដែលបានចេញពីសណ្ឋានជាឈ្លើយមកវិញ និងអស់អ្នកដែលញែកខ្លួនចេញពីសេចក្តីស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដើម្បីនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គេក៏បរិភោគបុណ្យនោះ
22 គេធ្វើបុណ្យនំបុ័ងឥតដំបែអស់៧ថ្ងៃ ដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យរីករាយសប្បាយ ដោយបំបែរព្រះទ័យស្តេចស្រុកអាសស៊ើរ មកកាន់ខាងគេ ដើម្បីនឹងចំរើនកំឡាំងដៃគេ ក្នុងការរបស់ព្រះវិហារនៃព្រះដ៏ជាព្រះនៃសាសន៍អ៊ីស្រាអែល។