15 ហើយឲ្យនាំយកប្រាក់ និងមាសដែលយើង ជាស្តេច និងពួកសេនាបតីទាំង៧ បានថ្វាយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម
16 ព្រមទាំងប្រាក់មាសទាំងប៉ុន្មានដែលអ្នកនឹងរៃបាន ពីគ្រប់ក្នុងខេត្តបាប៊ីឡូន ជាមួយនឹងបណ្ណាការដែលពួកជនទាំងអម្បាលម៉ាន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃលោកដែលនៅក្រុងយេរូសាឡិមទៅជាមួយផង
17 ដូច្នេះ ត្រូវឲ្យអ្នកមានចិត្តខ្នះខ្នែង យកប្រាក់នោះទៅទិញគោ ចៀមឈ្មោល និងកូនចៀម ព្រមទាំងគ្រឿងដង្វាយម្សៅ និងដង្វាយច្រួចនោះផង នាំទៅថ្វាយនៅលើអាសនា ក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នា ដែលនៅក្រុងយេរូសាឡិមចុះ
18 ឯប្រាក់ និងមាសដែលសល់នៅ នោះត្រូវឲ្យអ្នក និងពួកបងប្អូនអ្នក ប្រើការតាមតែគិតឃើញថាត្រឹមត្រូវ តាមព្រះហឫទ័យនៃព្រះរបស់អ្នករាល់គ្នាចុះ
19 ហើយឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលបានឲ្យដល់អ្នក សំរាប់ការងារក្នុងព្រះវិហារនៃព្រះរបស់អ្នក នោះចូរអ្នកយកទៅប្រគល់ នៅចំពោះព្រះនៃក្រុងយេរូសាឡិមទៅ
20 ហើយរបស់អ្វីផ្សេងទៀតដែលខ្វះខាតក្នុងព្រះវិហារនៃព្រះរបស់អ្នក ដែលអ្នកត្រូវការបញ្ចេញប្រាក់ទិញ នោះត្រូវបញ្ចេញយកពីឃ្លាំងហ្លួងចុះ
21 មួយទៀត យើង អើថាស៊ើកសេសជាស្តេច យើងចេញព្រះរាជឱង្ការ បង្គាប់ដល់គ្រប់ទាំងមេឃ្លាំង នៅខាងនាយទន្លេថា របស់អ្វីៗដែលអែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ លោកនឹងសូមក៏ដោយ នោះត្រូវតែឃ្មាតខ្មីនឹងឲ្យចុះ