21 រួចមកខ្ញុំបានប្រកាសប្រាប់ ឲ្យមានការតមនៅមាត់ទន្លេអាហាវ៉ានោះ ដើម្បីឲ្យយើងបានបន្ទាបខ្លួននៅចំពោះព្រះនៃយើងរាល់គ្នា ប្រយោជន៍នឹងសូមទ្រង់ឲ្យដំរង់ផ្លូវយើង និងកូនចៅ ហើយរបស់ទ្រព្យយើងទាំងអស់ផង
22 ដ្បិតដែលសូមទាហាន និងពលសេះ ពីស្តេចឲ្យទៅរាំងរាពួកខ្មាំងសត្រូវតាមផ្លូវ នោះនឹងនាំឲ្យខ្ញុំមានសេចក្តីខ្មាស ពីព្រោះយើងបានទូលស្តេចហើយថា ព្រះហស្តនៃព្រះរបស់យើងរាល់គ្នា សណ្ឋិតនៅនឹងអស់អ្នកដែលស្វែងរកទ្រង់ ដើម្បីនឹងប្រោសឲ្យបានសេចក្តីល្អ តែព្រះចេស្តា និងសេចក្តីក្រេវក្រោធនៃទ្រង់ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលទ្រង់វិញ
23 ដូច្នេះ យើងរាល់គ្នាបានតម ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយទ្រង់ក៏ទទួលស្តាប់តាមយើង។
24 រួចមក ខ្ញុំក៏ញែកមេពួកសង្ឃ១២នាក់ចេញទុក គឺសេរេប៊ីយ៉ា និងហាសាបយ៉ា ព្រមទាំងបងប្អូនគេ១០នាក់ឯទៀត
25 រួចខ្ញុំថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់គេ គឺជាដង្វាយសំរាប់ព្រះវិហារនៃព្រះរបស់យើង ដែលស្តេច ពួកសេនាបតី ពួកអ្នកជាប្រធានរបស់ទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់ ដែលនៅទីនោះបានថ្វាយ
26 ខ្ញុំថ្លឹងប្រាក់៦៥០ហាប គ្រឿងប្រាក់១០០ហាប និងមាស១០០ហាប
27 ព្រមទាំងពែងមាស២០ មានដំឡៃ១ពាន់ដារីក ហើយប្រដាប់ប្រដាធ្វើពីទង់ដែងយ៉ាងភ្លឺ ដែលមានដំឡៃដូចជាមាស ប្រគល់ដល់ដៃគេ