26 ខ្ញុំថ្លឹងប្រាក់៦៥០ហាប គ្រឿងប្រាក់១០០ហាប និងមាស១០០ហាប
27 ព្រមទាំងពែងមាស២០ មានដំឡៃ១ពាន់ដារីក ហើយប្រដាប់ប្រដាធ្វើពីទង់ដែងយ៉ាងភ្លឺ ដែលមានដំឡៃដូចជាមាស ប្រគល់ដល់ដៃគេ
28 រួចខ្ញុំនិយាយទៅគេថា អ្នករាល់គ្នាជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាដង្វាយដែលថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា
29 ដូច្នេះ ចូរប្រុងប្រយ័ត្ន និងថែរក្សារបស់ទាំងនេះ ដរាបដល់អ្នករាល់គ្នាបានថ្លឹងទាំងអស់ នៅក្រុងយេរូសាឡិម ប្រគល់នៅចំពោះមេពួកសង្ឃ និងពួកលេវី ហើយនឹងពួកដែលជាកំពូលលើវង្សរបស់ឪពុកសាសន៍អ៊ីស្រាអែល ដាក់ទៅក្នុងបន្ទប់នៃព្រះវិហាររបស់ព្រះយេហូវ៉ារួចជាស្រេច
30 ពួកសង្ឃ ហើយនឹងពួកលេវី ក៏ទទួលយកប្រាក់មាស និងគ្រឿងប្រដាប់ទាំងនោះ តាមទំងន់ ដើម្បីនឹងយកទៅដាក់ក្នុងព្រះវិហារនៃព្រះ ជាព្រះរបស់យើងរាល់គ្នា នៅក្រុងយេរូសាឡិម។
31 រួចមក នៅថ្ងៃទី១២ខែចេត្រ នោះយើងរាល់គ្នាបានធ្វើដំណើរចេញពីទន្លេអាហាវ៉ា ដើម្បីនឹងទៅឯក្រុងយេរូសាឡិម ព្រះហស្តនៃព្រះរបស់យើងក៏សណ្ឋិតនៅជាមួយ ហើយទ្រង់ជួយឲ្យយើងរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ និងពួកចោរដែលបង្កប់ខ្លួនតាមផ្លូវផង
32 យើងរាល់គ្នាក៏បានដល់ក្រុងយេរូសាឡិម ហើយបាននៅទីនោះអស់៣ថ្ងៃ