ភីលីព 4 KHOV

1 ដូច្នេះ បង​ប្អូន ជា​ពួក​ស្ងួនភ្ងា ហើយ​ជា​ទី​រឭក ជា​ទី​ត្រេក‌អរ ហើយ​ជា​មកុដ​របស់​ខ្ញុំ​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឱ​ពួក​ស្ងួនភ្ងា​អើយ។

សេចក្តី​ដាស់‌តឿន​ផ្សេងៗ

2 ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុន‌ទីច​ដែរ ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះ‌អម្ចាស់

3 ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូ‌កន​ស្មោះ‌ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​២​នោះ ដែល​បាន​តតាំង​ជា​១​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​នឹង​អ្នក​ក្លេមេន និង​គូ‌កន​ខ្ញុំ​ឯ​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។

4 ចូរ​អរ​សប្បាយ ក្នុង​ព្រះ‌អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង

5 ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្តី​សំឡូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជិត​ដល់​ហើយ

6 កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង

7 យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការ‌ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។

8 មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ

9 ហើយ​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

ប៉ុល​អរ‌គុណ​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​ភីលីព

10 ខ្ញុំ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជានិច្ច​ដែរ តែ​រក​ឱកាស​គ្មាន

11 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង

12 ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀត‌ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ

13 ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ

14 ប៉ុន្តែ ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្តី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។

15 ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ

16 ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូ‌នីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង

17 មិន​មែន​ថា ខ្ញុំ​រក​ចង់​បាន​ទាន​ទេ ខ្ញុំ​រក​តែ​ផលដែល​ចំរើន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ

18 ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ

19 ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

20 សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា បាន​សិរី‌ល្អ​នៅ​អស់​កល្ប​រៀង​ត​ទៅ អាម៉ែន។

អវសាន‌កថា

21 សូម​ជំរាប​សួរ មក​ពួក​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង ឯ​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា

22 ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេ‌សារ​ជា​ដើម ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

23 សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ អាម៉ែន។:៚

ជំពូក

1 2 3 4