1 សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយនូវព្រះហឫទ័យព្រះ
2 និងធីម៉ូថេ ជាបងប្អូនយើងខ្ញុំ ផ្ញើមកពួកបរិសុទ្ធ ជាពួកបងប្អូនស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅក្រុងកូឡូស សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា។
3 យើងខ្ញុំអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ក៏អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច
4 ដោយបានឮដំណាលពីសេចក្តីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទយេស៊ូវ ហើយពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានដល់ពួកបរិសុទ្ធទាំងអស់
5 គឺអរព្រះគុណដោយព្រោះសេចក្តីសង្ឃឹម ដែលបំរុងទុកឲ្យអ្នករាល់គ្នា នៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹម ដែលអ្នករាល់គ្នាបានឮនិយាយ ក្នុងព្រះបន្ទូលដ៏ពិតនៃដំណឹងល្អ
6 ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយ៍ទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ
7 តាមដែលអ្នករាល់គ្នាបានរៀននឹងអេប៉ាប្រាស ជាបាវបំរើស្ងួនភ្ងាជាមួយនឹងយើងខ្ញុំ គាត់ជាអ្នកបំរើស្មោះត្រង់របស់ព្រះគ្រីស្ទ សំរាប់អ្នករាល់គ្នា
8 ហើយគាត់បានថ្លែងប្រាប់យើងខ្ញុំ ពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានដោយនូវព្រះវិញ្ញាណ។
9 ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា និងចំណេះខាងវិញ្ញាណ
10 ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង
11 ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ
12 ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរអាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង
13 ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់
14 យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់
15 ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក
16 ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង
17 ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់
18 ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់
19 ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងទ្រង់
20 ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់
21 រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ
22 ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់
23 នោះគឺបើតិចណាស់ អ្នករាល់គ្នាបានតាំងនៅជាប់លាប់ ហើយមាំមួន ក្នុងសេចក្តីជំនឿដែរ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង ឯប៉ុលខ្ញុំ ជាអ្នកបំរើចំពោះដំណឹងល្អនោះដែរ។
24 ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រោះអ្នករាល់គ្នា ហើយសេចក្តីវេទនាណារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយទ្រង់ គឺជាពួកជំនុំ
25 ខ្ញុំបានត្រឡប់ជាអ្នកបំរើដល់ពួកជំនុំនោះ តាមការកាន់កាប់ត្រួតត្រារបស់ព្រះ ដែលបានប្រគល់មកខ្ញុំសំរាប់អ្នករាល់គ្នា ដើម្បីនឹងបំពេញព្រះបន្ទូល
26 គឺជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក តែឥឡូវនេះ បានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់
27 ព្រះទ្រង់បានសព្វព្រះហឫទ័យ នឹងសំដែងឲ្យពួកបរិសុទ្ធនោះដឹងថា សិរីល្អដ៏បរិបូររបស់សេចក្តីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម
28 យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ
29 ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។