1 ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្តី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ
2 ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ
3 ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ
4 កាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ។
5 ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ និងសេចក្តីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ
6 គឺដោយហេតុសេចក្តីទាំងនោះ បានជាសេចក្តីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស
7 ហើយអ្នករាល់គ្នាបានប្រព្រឹត្តក្នុងពួកនោះកាលពីដើម គឺពីកាលដែលនៅរស់ក្នុងកិរិយាទាំងនោះដែរ
8 តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្តីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ និងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ
9 កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ
10 ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក
11 ជាសណ្ឋានដែលគ្មានសាសន៍ក្រេក និងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ បាវបំរើ ឬអ្នកជាផងនោះទេ គឺព្រះគ្រីស្ទ ទ្រង់ជាគ្រប់ទាំងអស់វិញ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង។
12 ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ
13 ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ
14 ចូរបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្តីគ្រប់លក្ខណ៍
15 ចូរឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង។
16 ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ និងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ
17 ហើយក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង។
18 ពួកស្រីៗអើយ ចូរចុះចូលចំពោះប្ដីខ្លួន ដូចជាគួរគប្បីក្នុងព្រះអម្ចាស់
19 ពួកប្រុសៗអើយ ចូរស្រឡាញ់ប្រពន្ធចុះ កុំឲ្យមានចិត្តជិនឆ្អន់ឡើយ
20 ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយ ក្នុងគ្រប់ការទាំងអស់ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យយ៉ាងដូច្នោះឯង
21 ឱ ឪពុករាល់គ្នាអើយ កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ
22 ពួកបាវបំរើអើយ ចូរស្តាប់បង្គាប់ចៅហ្វាយនាយខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែកាលនៅមុខគេប៉ុណ្ណោះ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះទេ គឺដោយចិត្តស្មោះត្រង់វិញ ទាំងកោតខ្លាចដល់ព្រះផង
23 ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ
24 ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមរដកអំពីព្រះអម្ចាស់មក ដ្បិតអ្នករាល់គ្នាជាអ្នកបំរើរបស់ព្រះគ្រីស្ទជាព្រះអម្ចាស់
25 ឯអ្នកណាដែលប្រព្រឹត្តខុសឆ្គង នោះនឹងទទួលតាមការកំហុសរបស់ខ្លួន ហើយទ្រង់មិនរើសមុខអ្នកណាឡើយ។