2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើង។
3 ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្ដីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្ដីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច
4 ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ។
5 ខ្ញុំចង់រំឭកដល់អ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្តងហើយថា ក្រោយដែលព្រះអម្ចាស់បានជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីស្រុកអេស៊ីព្ទមក នោះទ្រង់បានបំផ្លាញពួកអ្នកដែលមិនជឿវិញ
6 ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ
7 ដូចជាក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្តោយទៅតាមសាច់ដទៃ ហើយទ្រង់បានតាំងអ្នកទាំងនោះទុកជាក្បួន ឲ្យគេរងទុក្ខទោស ក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច
8 ទោះបើមានក្បួនដូច្នោះហើយ គង់តែមនុស្សទាំងនេះធ្វើឲ្យខ្លួនស្មោកគ្រោកវិញ ដោយនឹកតែពីផ្លូវខូចអាក្រក់ ទាំងមើលងាយដល់អស់ទាំងអំណាចគ្រប់គ្រង ហើយជេរប្រមាថដល់ពួកប្រសើរឧត្តមផង