1 សំបុត្រយូដាស ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនយ៉ាកុប ខ្ញុំផ្ញើមកពួកអ្នកដែលព្រះបានហៅ ជាពួកអ្នកស្ងួនភ្ងាក្នុងព្រះដ៏ជាព្រះវរបិតា ដែលបំរុងទុកក្នុងព្រះយេស៊ូវគ្រីស្ទ
2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើង។
3 ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្ដីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្ដីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្ដីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច
4 ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្ដីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ។
5 ខ្ញុំចង់រំឭកដល់អ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្តងហើយថា ក្រោយដែលព្រះអម្ចាស់បានជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីស្រុកអេស៊ីព្ទមក នោះទ្រង់បានបំផ្លាញពួកអ្នកដែលមិនជឿវិញ
6 ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ
7 ដូចជាក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្តោយទៅតាមសាច់ដទៃ ហើយទ្រង់បានតាំងអ្នកទាំងនោះទុកជាក្បួន ឲ្យគេរងទុក្ខទោស ក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច
8 ទោះបើមានក្បួនដូច្នោះហើយ គង់តែមនុស្សទាំងនេះធ្វើឲ្យខ្លួនស្មោកគ្រោកវិញ ដោយនឹកតែពីផ្លូវខូចអាក្រក់ ទាំងមើលងាយដល់អស់ទាំងអំណាចគ្រប់គ្រង ហើយជេរប្រមាថដល់ពួកប្រសើរឧត្តមផង
9 រីឯមីកែល ជាមហាទេវតា លោកមិនហ៊ានប្តឹងប្រមាថដល់អារក្ស ក្នុងកាលដែលកំពុងតែជជែកនឹងវា ទាំងប្រកែកពីដំណើរសពរបស់លោកម៉ូសេនោះទេ គឺបាននិយាយដូច្នេះវិញថា សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ
10 តែពួកនោះ គេហ៊ានជេរប្រមាថដល់ទាំងអ្វីៗ ដែលគេមិនស្គាល់ផង ព្រមទាំងបង្ខូចខ្លួន ក្នុងការអ្វីដែលគេយល់ដោយធម្មតាវិញ ហាក់ដូចជាសត្វតិរច្ឆាន
11 វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីនទៅ
12 ពួកនោះជាដុំស្មោកគ្រោក ក្នុងពេលដែលអ្នករាល់គ្នាបរិភោគ ជាមួយគ្នាដោយស្រឡាញ់ គេបរិភោគជាមួយឥតខ្លាច ទាំងចិញ្ចឹមតែខ្លួនគេ គេជាពពកឥតទឹក ដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើឥតផ្លែក្នុងរដូវកាលដែលស្លាប់២ដងរួចហើយ ក៏ត្រូវរលើងផង
13 គេជារលកសមុទ្រយ៉ាងសំបើម ដែលបែកពពុះចេញ ជាសេចក្ដីអាម៉ាស់ខ្មាសរបស់គេ ក៏ជាផ្កាយមិនទៀង ដែលសេចក្ដីងងឹតសូន្យឈឹងអស់កល្បជានិច្ច បានបំរុងទុកឲ្យគេ
14 ឯហេណុក ជាដំណទី៧ពីលោកអ័ដាមមក គាត់បានទាយពីមនុស្សទាំងនោះថា មើល ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន
15 ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនឹងរំឭកពួកទមិលល្មើសទាំងអម្បាលម៉ាន ឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើស ដែលគេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្ដីរឹងទទឹងទាំងប៉ុន្មាន ដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះ បានពោលទាស់នឹងទ្រង់
16 មនុស្សទាំងនោះជាពួកដែលចេះតែរទូរទាំ ហើយត្អូញត្អែរ ដែលដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់គេពោលសុទ្ធតែពាក្យអំនួតអួតយ៉ាងសំបើម គេរាប់អានមនុស្សឲ្យតែបានកំរៃទេ។
17 ពួកស្ងួនភ្ងាអើយ ចូរនឹកចាំពីព្រះបន្ទូល ដែលពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ
18 គេបានប្រាប់មកអ្នករាល់គ្នាថា នៅជាន់ក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលនឹងប្រព្រឹត្ត តាមតែសេចក្ដីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន
19 ពួកនោះជាអ្នកដែលបង្កើតបក្សពួក គឺជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ
20 ប៉ុន្តែ ឯអ្នករាល់គ្នា ជាពួកស្ងួនភ្ងាអើយ ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ ព្រមទាំងរង់ចាំសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឲ្យបានជីវិតអស់កល្បជានិច្ចវិញ
21 ដោយស្អាងចិត្តឡើងក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង
22 ចូរមានចិត្តអាណិតដល់ពួកអ្នកខ្លះ ដែលមានសេចក្ដីសង្ស័យផង
23 ហើយជួយសង្គ្រោះដល់អ្នកដទៃ ទាំងឆក់យកគេចេញពីភ្លើង ហើយត្រូវមានចិត្តមេត្តាដល់មនុស្សឯទៀតដោយភ័យខ្លាច ហើយស្អប់ដល់ទាំងអាវ ដែលត្រូវស្មោកគ្រោក ដោយសាច់ឈាមផង។
24 រីឯព្រះ ដែលអាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល ហើយនឹងដាក់អ្នករាល់គ្នា នៅចំពោះសិរីល្អទ្រង់ ដោយឥតមានកន្លែងបន្ទោសបាន ព្រមទាំងមានចិត្តត្រេកអរផង
25 គឺជាព្រះអង្គដ៏ជាព្រះតែមួយ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះសូមឲ្យទ្រង់បានសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និងអំណាច តាំងពីមុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ។ អាម៉ែន។:៚