23 មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្តីប្រោសលោះដល់រូបកាយយើងផង
24 ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត
25 តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់
26 ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ
27 ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ
28 តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់
29 ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏ដំរូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន