រ៉ូម 9 KHOV

ព្រះ​បាន​ជ្រើស‌រើស​សាសន៍​អ៊ីស្រា‌អែល

1 ខ្ញុំ​និយាយ​សេចក្តី​ពិត ដោយ​នូវ​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​ភូត‌កុហក​ទេ បញ្ញា​ចិត្ត​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ជា​មួយ​នឹង​ខ្ញុំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង ថា

2 ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច

3 ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះ‌គ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម

4 គឺ​ជា​សាសន៍​អ៊ីស្រា‌អែល ដែល​គេ​មាន​ការ​ចិញ្ចឹម​ជា​កូន​ព្រះ និង​សិរី‌ល្អ សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យ‌វិន័យ របៀប​ថ្វាយ‌បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ផង​ខ្លួន ព្រម​ទាំង​ពួក​ឰយុកោ​ផង

5 ហើយ​ព្រះ‌គ្រីស្ទ​ក៏​បាន​កើត​ពី​ពួក​គេ ខាង​ឯ​សាច់​ឈាម​ដែរ ដែល​ទ្រង់​ខ្ពស់​លើស​ទាំង​អស់ ជា​ព្រះ​ដ៏​មាន​ពរ​អស់​កល្ប‌ជានិច្ច អាម៉ែន

6 ប៉ុន្តែ មិន​មែន​ថា​ព្រះ‌បន្ទូល​ទច់​អាក់​នោះ​ទេ ដ្បិត​មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​សាសន៍​អ៊ីស្រា‌អែល ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​នោះ​ឡើយ

7 ក៏​មិន​មែន​ជា​កូន​លោក​អ័ប្រា‌ហាំ​ទាំង​អស់​គ្នា ដោយ​ព្រោះ​តែ​ជា​ពូជ​លោក​នោះ​ដែរ តែ​មាន​សេចក្តី​ចែង​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​រាប់​ពី​អ៊ីសាក​មក»

8 គឺ​ថា មិន​មែន​កូន​ខាង​សាច់​ឈាម ដែល​ជា​កូន​របស់​ព្រះ​នោះ​ទេ ឯ​កូន​ខាង​ឯ​សេចក្តី​សន្យា នោះ​ទើប​បាន​រាប់​ជា​ពូជ​វិញ

9 ដ្បិត​សេចក្តី​សន្យា​នោះ គឺ​ជា​ព្រះ‌បន្ទូល​នេះ​ដែល​ថា «អញ​នឹង​មក​វិញ​តាម​កំណត់​នេះ នោះ​សារ៉ា​នឹង​មាន​កូន»

10 មិន​តែ​ប៉ុណ្ណោះ​សោត រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​មនុស្ស​ម្នាក់​ដែរ គឺ​អ៊ីសាក ជា​ឰយុកោ​នៃ​យើង​រាល់​គ្នា

11 គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី

12 នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នាង​ថា «កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន»

13 ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ​វិញ» គឺ​ដើម្បី​ឲ្យ​ព្រះ‌ដំរិះ​របស់​ព្រះ ខាង​ឯ​សេចក្តី​រើស​តាំង​បាន​ជាប់​នៅ មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ។

14 ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ព្រះ​មាន​សេចក្តី​ទុច្ចរិត​ឬ​អី ទេ គ្មាន​សោះ

15 ដ្បិត​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ​ថា «អញ​នឹង​ផ្សាយ​សេចក្តី​មេត្តា‌ករុណា ដល់​អ្នក​ណា​ដែល​អញ​មេត្តា‌ករុណា ក៏​នឹង​មាន​សេចក្តី​ក្តួល​អាណិត ដល់​អ្នក​ណា​ដែល​អញ​ក្តួល​អាណិត»

16 ដូច្នេះ មិន​សំរេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តា‌ករុណា​វិញ

17 ដ្បិត​មាន​បទ​គម្ពីរ​សំដែង​ដល់​ផារ៉ោន​ថា «អញ​បាន​តាំង​ឯង​ឡើង​សំរាប់​ការ​នេះ​ឯង គឺ​ដើម្បី​សំដែង​ឫទ្ធិ‌បារមី​អញ​ក្នុង​ខ្លួន​ឯង

18 ដូច្នេះ ទ្រង់​តែង​ផ្សាយ​មេត្តា‌ករុណា ដល់​អ្នក​ណា​តាម​ព្រះ‌ហឫ‌ទ័យ ហើយ​ទ្រង់​ធ្វើ​ឲ្យ​អ្នក​ណា​រឹង‌ទទឹង​ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ដែរ។

សេចក្តី​ក្រោធ និង​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ

19 ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​តែ​បន្ទោស​ទៀត ដ្បិត​តើ​អ្នក​ណា​បាន​ទទឹង​នឹង​ព្រះ‌ហឫ‌ទ័យ​ទ្រង់

20 ប៉ុន្តែ ឱ​មនុស្ស​អើយ តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន​ធ្វើ​ហើយ នឹង​និយាយ​ទៅ​ជាង​នោះ​ថា ហេតុ​អ្វី​បាន​ជា​សូន​ធ្វើ​អញ​ដូច្នេះ​ឬ​អី

21 តើ​ជាង​ស្មូន​គ្មាន​អំណាច​លើ​ដី​ឥដ្ឋ និង​យក​ដុំ​ដី​ដដែល​ធ្វើ​ជា​វត្ថុ​១​សំរាប់​ការ​ដ៏​ប្រសើរ ហើយ​១​ទៀត​សំរាប់​ការ​មិន​ប្រសើរ​ទេ​ឬ​អី

22 ចុះ​បើ​សិន​ជា​ព្រះ​ទ្រង់​ចង់​សំដែង​សេចក្តី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ‌ចេស្តា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀប‌ចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ​ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ

23 ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្តី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀប‌ចំ​ជា​មុន បាន​ស្គាល់​សេចក្តី​វិសេស​នៃ​សិរី‌ល្អ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ

24 គឺ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​ហៅ​មក មិន​មែន​ពី​សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង នោះ​ធ្វើ​ដូច​ម្តេច​ទៅ

25 ដូច​មាន​សេចក្តី​ចែង​ទុក​ក្នុង​គម្ពីរ​ហូសេ សំដែង​មក​ថា «អញ​នឹង​ហៅ​សាសន៍​នោះ ដែល​មិន​មែន​ជា​រាស្ត្រ​អញ ថា​ជា​រាស្ត្រ​អញ​វិញ ហើយ​អ្នក​នោះ​ដែល​មិន​មែន​ជា​ស្ងួនភ្ងា ថា​ជា​ស្ងួនភ្ងា​ដែរ»

26 ដូច្នេះ នៅ​កន្លែង​ដែល​បាន​សំដែង​ថា «ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ» ត្រង់​កន្លែង​នោះ​ឯង​នឹង​ហៅ​គេ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ

27 ឯ​ហោរា​អេសាយ លោក​ក៏​បន្លឺ​ឡើង ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល​ថា «ទោះ​បើ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​បាន​សង្គ្រោះ​តែ​សំណល់​ដែល​សល់​ទេ

28 ដ្បិត​ការ​នោះ​កំពុង​តែ​បង្ហើយ ហើយ​បង្រួម​ជា​ខ្លី ដោយ​សេចក្តី​សុចរិត ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​កាត់​ការ​នោះ​យ៉ាង​ខ្លី នៅ​លើ​ផែនដី»

29 ដូច​ជា​លោក​អេសាយ​បាន​ទាយ​ទុក​មក​អំពី​មុន​ថា «បើ​សិន​ណា​ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ។

អ៊ីស្រា‌អែល និង​ដំណឹង​ល្អ

30 ដូច្នេះ តើ​យើង​នឹង​ថា​ដូច​ម្តេច គឺ​ត្រូវ​ថា សាសន៍​ដទៃ ដែល​មិន​ដេញ​តាម​សេចក្តី​សុចរិត នោះ​បាន​ទាន់​សេចក្តី​សុចរិត​នោះ​ហើយ គឺ​ជា​សេចក្តី​សុចរិត ដែល​មក​ដោយ‌សារ​សេចក្តី​ជំនឿ

31 តែ​ឯ​សាសន៍​អ៊ីស្រា‌អែល​វិញ ដែល​គេ​ដេញ​តាម​ក្រឹត្យ‌វិន័យ​ដ៏​សុចរិត នោះ​គេ​មិន​បាន​ទាន់​ក្រឹត្យ‌វិន័យ​ដ៏​សុចរិត​ទេ

32 តើ​ដោយ​ហេតុ​អ្វី គឺ​ដោយ​ព្រោះ​តែ​គេ​រក ដោយ​អាង​ការ​គេ​ប្រព្រឹត្ត មិន​មែន​ដោយ​សេចក្តី​ជំនឿ​ទេ ដ្បិត​គេ​បាន​ជំពប់​នឹង​ថ្ម​ជំពប់​នោះ

33 ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មើល អញ​ដាក់​ថ្ម​ជំពប់​១ គឺ​ជា​ថ្មដា​បង្អាក់‌បង្អន់​ចិត្ត នៅ​ក្រុង​ស៊ីយ៉ូន អស់​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16