23 ឯអស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង
24 ដូច្នេះ ចូរឲ្យសេចក្តីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្តីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ
25 នេះហើយ ជាសេចក្តីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច។
26 ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីដំណើរនៃពួកអ្នកដែលនាំអ្នករាល់គ្នាឲ្យវង្វេង
27 រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្តីកំភូតទេ គឺជាសេចក្តីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក
28 ហើយឥឡូវនេះ ពួកកូនតូចៗអើយ ចូរនៅជាប់ក្នុងទ្រង់ចុះ ដើម្បីកាលណាទ្រង់លេចមក នោះយើងខ្ញុំនឹងមានចិត្តក្លាហាន ឥតត្រូវការនឹងខ្មាសនៅចំពោះទ្រង់ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ
29 បើអ្នករាល់គ្នាដឹងថា ទ្រង់សុចរិត នោះត្រូវតែយល់ឃើញថា អស់អ្នកណាដែលប្រព្រឹត្តតាមសេចក្តីសុចរិតនោះ គេបានកើតពីទ្រង់មកដែរ។