១ យ៉ូហាន 4 KHOV

គ្រូ​ក្លែង‌ក្លាយ

1 ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ៍​នេះ​ហើយ

2 យើង​នឹង​សំគាល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណាដែល​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ

3 តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​អា​ទទឹង​ព្រះ‌គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ៍​ហើយ

4 ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង

5 ពួក​នោះ​មក​ពី​លោកីយ៍​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ

6 ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្តី​ពិត និង​វិញ្ញាណ​នៃ​សេចក្តី​ខុស‌ឆ្គង​ទៅ​បាន។

ព្រះ​ជា​សេចក្តី​ស្រឡាញ់

7 ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ

8 តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង

9 សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់

10 នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង

11 ពួក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ

12 គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ

13 គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា

14 ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌វរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​មក ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។

15 អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ

16 យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ដល់​យើង ព្រះ​ទ្រង់​ជា​តួ​សេចក្តី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ

17 គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្តី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្តី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជំរះ ដ្បិត​ដែល​ព្រះ​ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ នៅ​ក្នុង​លោកីយ៍​នេះ​ដែរ

18 គ្មាន​សេចក្តី​ភ័យ​ខ្លាច​ណា នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ឡើយ សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្តី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្តី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្តី​ស្រឡាញ់​នៅ​ឡើយ​ទេ

19 ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។

20 បើ​អ្នក​ណា​ថា ខ្លួន​ស្រឡាញ់​ព្រះ តែ​ស្អប់​ដល់​បង​ប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន

21 មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។

ជំពូក

1 2 3 4 5