9 អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹត ដរាបដល់សព្វថ្ងៃនេះ
10 ឯអ្នកណាដែលស្រឡាញ់ដល់បងប្អូនខ្លួន នោះតែងនៅក្នុងពន្លឺវិញ ហើយនៅក្នុងអ្នកនោះគ្មានហេតុណា នឹងបង្អាក់បង្អន់ចិត្តគេឡើយ
11 តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹតវិញ ក៏ដើរក្នុងសេចក្តីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្តីងងឹតនោះបានបំបាំងភ្នែកហើយ។
12 កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយដោយយល់ដល់ព្រះនាមទ្រង់
13 ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ ក្មេងរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះវរបិតា
14 ឪពុករាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះមានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ
15 កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ