9 ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុកម៉ាសេដូន បានជួយបំពេញសេចក្ដីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ
10 ខ្ញុំប្រាប់ដោយនូវសេចក្ដីពិតរបស់ព្រះគ្រីស្ទ ដែលនៅក្នុងខ្លួនខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្ដីអំនួតនេះពីខ្ញុំ នៅក្នុងស្រុកអាខៃបានឡើយ
11 ចុះតើដោយហេតុអ្វី ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬអី នោះព្រះអង្គទ្រង់ជ្រាបហើយ
12 តែការដែលខ្ញុំធ្វើ ខ្ញុំនឹងចេះតែធ្វើទៅ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលរករឿង ប្រយោជន៍ឲ្យគេបានដូចជាយើងខ្ញុំ ក្នុងការអ្វីដែលគេអួតខ្លួននោះដែរ
13 ដ្បិតមនុស្សយ៉ាងនោះជាសាវកក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវកនៃព្រះគ្រីស្ទទេ
14 ហើយសេចក្ដីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ
15 ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេ នឹងបានត្រូវតាមអំពើដែលគេធ្វើដែរ។