1 ឯប៉ុលខ្ញុំ ដែលកាលណានៅជាមួយនឹងអ្នករាល់គ្នា នោះមានឫកពាជាថោកទាប តែកាលណាឃ្លាតចេញពីអ្នករាល់គ្នាទៅ នោះមានសេចក្ដីក្លាហានចំពោះអ្នករាល់គ្នាវិញ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្ដីសុភាព និងសេចក្ដីសំឡូតរបស់ព្រះគ្រីស្ទ
2 ក៏អង្វរអ្នករាល់គ្នាថា កាលណាខ្ញុំមកឯអ្នករាល់គ្នា នោះកុំឲ្យខ្ញុំត្រូវមានសេចក្ដីក្លាហានតាមដែលខ្ញុំសំរេចថា នឹងមានចំពោះអ្នកខ្លះ ដែលស្មានថាយើងខ្ញុំដើរតាមសាច់ឈាមនោះឡើយ
3 ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ
4 ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ
5 ដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្ដីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ
6 ក៏ប្រុងប្រៀបទុកជាស្រេច នឹងធ្វើទោសដល់គ្រប់ទាំងសេចក្ដីរឹងចចេស ក្នុងកាលដែលអ្នករាល់គ្នាបានស្តាប់បង្គាប់គ្រប់ជំពូកហើយ។
7 អ្នករាល់គ្នាមើលតែឫកពារខាងក្រៅឬអី បើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ផងព្រះគ្រីស្ទ នោះត្រូវពិចារណាសេចក្ដីនេះ ដោយខ្លួនឯងទៀត គឺថា យើងខ្ញុំជារបស់ព្រះគ្រីស្ទដូចជាអ្នកនោះដែរ
8 ដ្បិតទោះបើខ្ញុំអួតខ្លួនហួសបន្តិច ពីអំណាចដែលព្រះអម្ចាស់បានប្រទានមកយើងខ្ញុំ សំរាប់នឹងស្អាងចិត្តឡើង មិនមែនសំរាប់នឹងផ្តួលអ្នករាល់គ្នាទេ នោះគង់តែខ្ញុំមិនមានសេចក្ដីខ្មាសដែរ
9 ក្រែងមើលទៅដូចជាខ្ញុំចង់បំភ័យអ្នករាល់គ្នា ដោយសារសំបុត្រ
10 ដ្បិតគេថា «សំបុត្រលោកមានពាក្យធ្ងន់ ហើយមានអំណាច តែកាលណាលោកនៅជាមួយ នោះលោកខ្សោយខាងរូបសាច់វិញ ហើយពាក្យសំដីលោកក៏គួរឲ្យមើលងាយដែរ»
11 ត្រូវឲ្យមនុស្សយ៉ាងនោះបានយល់ថា កាលណាយើងខ្ញុំនៅជាមួយ នោះយើងខ្ញុំនឹងប្រព្រឹត្ត ដូចជាយើងខ្ញុំបានសរសេរចុះក្នុងសំបុត្រ ពីកាលដែលមិនបាននៅជាមួយដែរ
12 ដ្បិតយើងខ្ញុំមិនហ៊ានរាប់ខ្លួនជាមួយនឹងពួកអ្នកនោះខ្លះ ឬផ្ទឹមខ្លួននឹងគេ ដែលផ្ទុកផ្តាក់ខ្លួនគេនោះឡើយ ពួកអ្នកនោះដែលគេវាស់ ហើយផ្ទឹមខ្លួននឹងខ្លួនគេ នោះគ្មានប្រាជ្ញាទេ
13 រីឯយើងខ្ញុំៗ មិនព្រមអួតពីការក្រៅខ្នាតរបស់យើងខ្ញុំឡើយ គឺអួតតាមតែមាត្រាខ្នាត ដែលព្រះដ៏ជាម្ចាស់នៃខ្នាត ទ្រង់បានចែកមកយើងខ្ញុំ ជាខ្នាតដែលបានលូកមករហូតដល់អ្នករាល់គ្នាផង
14 ដ្បិតយើងខ្ញុំមិនមែនលូករំលងហួសខ្នាតយើងខ្ញុំ ទុកដូចជាខ្នាតនោះមិនដល់អ្នករាល់គ្នានោះទេ ពីព្រោះយើងខ្ញុំបានមកដល់អ្នករាល់គ្នា ក្នុងដំណឹងល្អនៃព្រះគ្រីស្ទដែរ
15 ហើយយើងខ្ញុំមិនអួតពីការអ្វីក្រៅខ្នាត ដែលមនុស្សឯទៀតបានធ្វើនោះឡើយ ដ្បិតយើងខ្ញុំមានសេចក្ដីសង្ឃឹមថា កាលណាសេចក្ដីជំនឿរបស់អ្នករាល់គ្នា បានចំរើនឡើង នោះយើងខ្ញុំនឹងបានដំកើងធំឡើងជាបរិបូរ ក្នុងពួកអ្នករាល់គ្នា តាមមាត្រារបស់យើងខ្ញុំដែរ
16 ប្រយោជន៍ឲ្យបានផ្សាយដំណឹងល្អ ទៅខាងនាយអ្នករាល់គ្នាទៅទៀត ឥតអួតពីការអ្វីដែលរៀបចំជាស្រេច ក្នុងមាត្រានៃមនុស្សឯទៀតឡើយ
17 ឯអ្នកណាដែលអួត នោះត្រូវអួតតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ
18 ដ្បិតមិនមែនជាអ្នកដែលផ្ទុកផ្តាក់ខ្លួនឯង ដែលបានលើកតាំងនោះទេ គឺជាអ្នកណាដែលព្រះអម្ចាស់ទ្រង់ផ្ទុកផ្តាក់វិញទេតើ។