6 អ្នករាល់គ្នាបានកាត់ទោស ហើយសម្លាប់មនុស្សសុចរិត ប៉ុន្ដែពួកគេមិនបានប្រឆាំងនឹងអ្នករាល់គ្នាទេ។
7 ដូច្នេះ បងប្អូនអើយ! ចូរអត់ធ្មត់រហូតដល់ថ្ងៃដែលព្រះអម្ចាស់យាងមកចុះ មើល៍ កសិករទន្ទឹងរង់ចាំផលផ្លែដ៏មានតម្លៃដែលកើតចេញពីដី ដោយអត់ធ្មត់ដែរ គឺតាំងពីភ្លៀងដើមរដូវរហូតដល់ចុងរដូវ។
8 រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ ចូរអត់ធ្មត់ ហើយពង្រឹងចិត្តរបស់អ្នកឲ្យមាំមួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
9 បងប្អូនអើយ! ចូរកុំរអ៊ូរទាំទាស់គ្នាទៅវិញទៅមកឡើយ ក្រែងលោត្រូវជាប់ជំនុំជម្រះ មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។
10 បងប្អូនអើយ! ចូរយកពួកអ្នកនាំព្រះបន្ទូលដែលបានថ្លែងព្រះបន្ទូលនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ទុកជាគំរូអំពីសេចក្ដីអត់ធ្មត់ និងការរងទុក្ខលំបាកចុះ។
11 មើល៍ យើងរាប់ពួកអ្នកដែលបានស៊ូទ្រាំថា ជាអ្នកមានពរ។ អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់លោកយ៉ូប ហើយឃើញលទ្ធផលចុងក្រោយរបស់គាត់ដែលមកពីព្រះអម្ចាស់ដែរ ដ្បិតព្រះអម្ចាស់ពេញដោយព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
12 លើសពីនេះទៅទៀត បងប្អូនរបស់ខ្ញុំអើយ! កុំស្បថឲ្យសោះ មិនថាស្បថនឹងស្ថានសួគ៌ ឬផែនដី ឬសម្បថណាផ្សេងទៀតក្ដី ផ្ទុយទៅវិញ ចូរឲ្យពាក្យរបស់អ្នករាល់គ្នា បាទ គឺបាទ ហើយទេ គឺទេចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាជាប់ជំនុំជម្រះឡើយ។