1 តើការទាស់ទែង និងជម្លោះក្នុងចំណោមអ្នករាល់គ្នាកើតមកពីណា? តើមិនមែនមកពីចិត្ដស្រើបស្រាល ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេឬ?
2 អ្នករាល់គ្នាលោភចង់បាន ប៉ុន្ដែមិនបានអ្វីឡើយ។ អ្នករាល់គ្នាសម្លាប់គេ ហើយច្រណែនគេ ប៉ុន្ដែមិនអាចទទួលបានអ្វីឡើយ។ អ្នករាល់គ្នាឈ្លោះ ហើយទាស់ទែងគ្នា។ អ្នករាល់គ្នាមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនបានសុំ។
3 អ្នករាល់គ្នាសុំដែរ ប៉ុន្ដែមិនបានទទួលអ្វីឡើយ ពីព្រោះអ្នករាល់គ្នាសុំដោយបំណងអាក្រក់ គឺអ្នករាល់គ្នាចង់បាន សម្រាប់តែចាយបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។
4 ឱ ពួកផិតក្បត់អើយ! តើមិនដឹងទេឬថា ការស្រឡាញ់លោកិយជាសត្រូវព្រះជាម្ចាស់? ដូច្នេះ អ្នកណាចង់ធ្វើមិត្តរបស់លោកិយ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ហើយ។
5 តើអ្នករាល់គ្នាស្មានថាបទគម្ពីរគ្មានប្រយោជន៍ឬ ដែលបានចែងទុកថា ព្រះវិញ្ញាណដែលព្រះជាម្ចាស់ឲ្យសណ្ឋិតនៅក្នុងយើងនោះ ព្រះអង្គស្រឡាញ់ដោយចិត្ដប្រចណ្ឌ
6 ប៉ុន្ដែព្រះអង្គផ្ដល់ព្រះគុណកាន់តែខ្លាំងឡើងៗ ហេតុនេះហើយ បានជាមានសេចក្ដីចែងទុកថា៖ «ព្រះអង្គប្រឆាំងនឹងមនុស្សអួតអាង ប៉ុន្ដែផ្ដល់ព្រះគុណដល់មនុស្សបន្ទាបខ្លួនវិញ»។
7 ដូច្នេះ ត្រូវចុះចូលជាមួយព្រះជាម្ចាស់ ហើយប្រឆាំងនឹងអារក្ស នោះវានឹងរត់ចេញពីអ្នករាល់គ្នា។
8 ចូរចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាវិញ ឱមនុស្សបាបអើយ! ចូរលាងដៃឲ្យបានស្អាតចុះ ឱមនុស្សមានចិត្តពីរអើយ! ចូរជម្រះចិត្តឲ្យបានបរិសុទ្ធចុះ។
9 ចូរមានទុក្ខវេទនា ហើយកាន់ទុក្ខ ព្រមទាំងយំសោក ចូរឲ្យសំណើចរបស់អ្នករាល់គ្នាត្រលប់ជាទុក្ខព្រួយចុះ ហើយឲ្យអំណររបស់អ្នករាល់គ្នាត្រលប់ជាភាពសោកសង្រេងវិញ។
10 ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាឡើង។
11 បងប្អូនអើយ! មិនត្រូវនិយាយមួលបង្កាច់គ្នាឡើយ អ្នកណាដែលនិយាយមួលបង្កាច់ ឬថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះនិយាយមួលបង្កាច់ និងថ្កោលទោសក្រឹត្យវិន័យហើយ។ បើអ្នកថ្កោលទោសក្រឹត្យវិន័យ នោះអ្នកមិនមែនជាអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺជាអ្នកថ្កោលទោសវិញ។
12 មានតែព្រះមួយអង្គប៉ុណ្ណោះ ដែលជាអ្នកផ្ដល់ក្រឹត្យវិន័យ ហើយជាចៅក្រមដែលអាចសង្គ្រោះ និងបំផ្លាញបាន។ រីឯអ្នកវិញ តើអ្នកជាអ្នកណា បានជាហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ?
13 ចូរមក៍ ឱពួកអ្នកដែលនិយាយថា ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅកាន់ក្រុងមួយ ហើយស្នាក់នៅទីនោះមួយឆ្នាំ រួចរកស៊ីឲ្យបានចំណេញអើយ!
14 អ្នករាល់គ្នាមិនដឹងថា ថ្ងៃស្អែកមានអ្វីកើតឡើងទេ ហើយក៏មិនដឹងថាជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាដែរ! ដ្បិតអ្នករាល់គ្នាគ្រាន់តែជាចំហាយទឹកដែលមានតែមួយភ្លែត ហើយហួតអស់ទៅវិញប៉ុណ្ណោះ។
15 ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែនិយាយថា បើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយយើងនឹងធ្វើការនេះ ឬការនោះ
16 ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាអួតអាងអំពីអំនួតរបស់ខ្លួនវិញ ដែលការអួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់។
17 ដូច្នេះ អ្នកណាដែលដឹងអំពើល្អដែលគួរធ្វើ ប៉ុន្ដែមិនព្រមធ្វើ អ្នកនោះមានបាបហើយ។