វិវរណៈ 11:2-8 KCB

2 ប៉ុន្ដែ​ ចូរ​ទុក​ទីលាន​ខាង​ក្រៅ​ព្រះវិហារ​ដោយ​ឡែក​ កុំ​វាស់​ទីនោះ​ឡើយ​ ដ្បិត​ទីនោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាសន៍​ដទៃ​ ហើយ​ពួកគេ​នឹង​ជាន់​ឈ្លី​ទី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែសិបពីរ​ខែ។​

3 យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់​យើង​ ហើយ​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល​អស់​រយៈ​ពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ​ ទាំង​ស្លៀក​សំពត់​ធ្មៃ»។​

4 អ្នក​ទាំង​នេះជា​ដើម​អូលីវ​ទាំង​ពីរ​ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ឈរ​នៅ​ពី​មុខ​ព្រះអម្ចាស់​នៃ​ផែនដី។​

5 បើ​មាន​អ្នកណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​ពួកគេ​ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​ពួកគេ​មក​ ហើយ​ឆេះ​បំផ្លាញ​ខ្មាំង​សត្រូវ​របស់​ពួកគេ។​ ដូច្នេះ​ បើ​មាន​អ្នកណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​ពួកគេ​ អ្នក​នោះ​ត្រូវ​តែ​ស្លាប់​បែប​នេះ​ឯង។​

6 អ្នក​ទាំង​នេះ​មាន​អំណាច​នឹង​បិទ​មេឃ​មិន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ថ្លែង​ព្រះបន្ទូល​ ហើយ​ក៏​មាន​អំណាច​លើ​ទឹក​ដើម្បី​ធ្វើ​ឲ្យ​ទឹក​ត្រលប់​ទៅ​ជា​ឈាម​ ព្រមទាំង​វាយ​ប្រហារ​ផែនដី​ដោយ​គ្រោះកាច​គ្រប់​យ៉ាង​ជា​ញឹកញាប់​តាម​តែ​ពួកគេ​ចង់។​

7 កាល​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ​ មាន​សត្វ​សាហាវ​ឡើង​ពី​ទី​ជម្រៅ​មក​ច្បាំង​ជា​មួយ​ពួកគេ​ ក៏​ឈ្នះ​ពួកគេ​ ហើយ​សម្លាប់​ពួកគេ​ផង​

8 ហើយ​សាកសព​របស់​ពួកគេ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​ដ៏​ធំ​នោះ​ ដែល​ខាង​វិញ្ញាណ​ហៅ​ថា​ ក្រុង​សូដុម​ និង​ស្រុក​អេស៊ីព្ទ​ ជា​កន្លែង​ដែល​បាន​ឆ្កាង​ព្រះអម្ចាស់​របស់​ពួកគេ។​