1 ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឮដូចជាសំឡេងយ៉ាងខ្លាំងរបស់មនុស្សជាច្រើននៅស្ថានសួគ៌បន្លឺឡើងថា៖ «ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីរុងរឿង និងអំណាចជារបស់ព្រះជាម្ចាស់នៃយើង
2 ដ្បិតការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត ពីព្រោះព្រះអង្គបានជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែលបានបំផ្លាញផែនដីដោយសារអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គក៏បានសងសឹកឲ្យឈាមរបស់ពួកបាវបម្រើរបស់ព្រះអង្គដែលបានស្លាប់ដោយសារដៃរបស់នាងដែរ»។
3 ពួកគេក៏បន្លឺឡើងម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងហុយឡើងពីនាងអស់កល្បជានិច្ច»
4 នោះពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏ក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់លើបល្ល័ង្ក ទាំងនិយាយថា៖ «អាម៉ែន ហាលេលូយ៉ា!»
5 ហើយមានសំឡេងមួយចេញពីបល្ល័ង្កមកថា៖ «ឱ អស់អ្នកដែលជាបាវបម្រើរបស់ព្រះអង្គ និងពួកអ្នកដែលកោតខ្លាចព្រះអង្គទាំងតូច ទាំងធំអើយ! ចូរសរសើរព្រះជាម្ចាស់នៃយើងចុះ!»
6 ខ្ញុំបានឮសំឡេងដូចជាសំឡេងរបស់មនុស្សជាច្រើន ហើយដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង បន្លឺឡើងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់បានសោយរាជ្យហើយ
7 ចូរយើងត្រេកអរ ហើយរីករាយជាខ្លាំងចុះ រួចថ្វាយសិរីរុងរឿងដល់ព្រះអង្គ ដ្បិតដល់ពេលរៀបមង្គលការកូនចៀមហើយ រីឯកូនក្រមុំរបស់ព្រះអង្គក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ
8 កូនក្រមុំបានទទួលការអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតយ៉ាងស្អាត ហើយភ្លឺ ដ្បិតសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតនោះ ជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ»។
9 ទេវតាក៏និយាយមកខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលត្រូវបានហៅឲ្យមកចូលរួមពិធីជប់លៀងមង្គលការរបស់កូនចៀម» ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។
10 ពេលនោះ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតានោះដើម្បីថ្វាយបង្គំ ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយបងប្អូនរបស់អ្នកដែលមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ ជាវិញ្ញាណនៃការថ្លែងព្រះបន្ទូល។»
11 ខ្ញុំក៏បានឃើញមេឃបើកចំហ ហើយមើល៍ មានសេះសមួយ ព្រះអង្គដែលគង់លើវាមានព្រះនាមថា ស្មោះត្រង់ ហើយពិតត្រង់។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។
12 ព្រះនេត្ររបស់ព្រះអង្គដូចជាអណ្ដាតភ្លើង ហើយនៅលើព្រះសិររបស់ព្រះអង្គមានមកុដជាច្រើន ព្រះអង្គមានព្រះនាមមួយដែលបានសរសេរទុក ហើយគ្មាននរណាស្គាល់ឡើយ លើកលែងតែព្រះអង្គប៉ុណ្ណោះ
13 ព្រះអង្គស្លៀកសម្លៀកបំពាក់ដែលប្រឡាក់ឈាម ហើយគេហៅព្រះនាមព្រះអង្គថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»
14 រីឯកងទ័ពនៅស្ថានសួគ៌ដែលស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត សស្អាត បានជិះសេះសតាមព្រះអង្គ។
15 មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមកដើម្បីឲ្យព្រះអង្គប្រហារជនជាតិទាំងឡាយដោយសារដាវនោះ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រះអង្គក៏ជាន់ក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។
16 ព្រះអង្គមានព្រះនាមសរសេរនៅលើអាវ និងនៅលើភ្លៅរបស់ព្រះអង្គថា «ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
17 ខ្ញុំបានឃើញទេវតាមួយរូបឈរនៅក្នុងដួងអាទិត្យ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងប្រាប់ដល់សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលអាកាសថា៖ «ចូលមក ចូរប្រមូលគ្នាមកចូលរួមពិធីជប់លៀងដ៏ធំរបស់ព្រះជាម្ចាស់
18 ដើម្បីឲ្យពួកឯងស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ ទាំងអ្នកមានសេរីភាព ទាំងបាវបម្រើ ទាំងតូច ទាំងធំ»។
19 ខ្ញុំក៏ឃើញសត្វសាហាវ និងពួកស្ដេចនៅលើផែនដី ព្រមទាំងកងទ័ពរបស់ពួកគេប្រមូលគ្នាមកច្បាំងនឹងព្រះអង្គដែលគង់លើសេះ ហើយនឹងកងទ័ពរបស់ព្រះអង្គ។
20 សត្វសាហាវនោះត្រូវចាប់បានជាមួយនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលធ្វើទីសំគាល់នៅមុខវា ហើយដោយសារទីសំគាល់ទាំងនោះ វាបានបោកបញ្ឆោតអស់អ្នកដែលទទួលសញ្ញាសំគាល់របស់សត្វសាហាវនោះ និងអស់អ្នកដែលថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះ។ ពួកវាទាំងពីរត្រូវបានបោះទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ
21 ហើយអ្នកឯទៀតក៏ត្រូវស្លាប់ដោយសារដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់លើសេះ។ សត្វស្លាបទាំងអស់ក៏ឆ្អែតស្កប់ស្កល់ដោយសារសាច់ពួកអ្នកទាំងនោះ។