6 អ្នកទាំងនេះមានអំណាចនឹងបិទមេឃមិនឲ្យមានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលពួកគេថ្លែងព្រះបន្ទូល ហើយក៏មានអំណាចលើទឹកដើម្បីធ្វើឲ្យទឹកត្រលប់ទៅជាឈាម ព្រមទាំងវាយប្រហារផែនដីដោយគ្រោះកាចគ្រប់យ៉ាងជាញឹកញាប់តាមតែពួកគេចង់។
7 កាលអ្នកទាំងនេះធ្វើបន្ទាល់របស់ខ្លួនចប់ហើយ មានសត្វសាហាវឡើងពីទីជម្រៅមកច្បាំងជាមួយពួកគេ ក៏ឈ្នះពួកគេ ហើយសម្លាប់ពួកគេផង
8 ហើយសាកសពរបស់ពួកគេនៅតាមផ្លូវក្នុងទីក្រុងដ៏ធំនោះ ដែលខាងវិញ្ញាណហៅថា ក្រុងសូដុម និងស្រុកអេស៊ីព្ទ ជាកន្លែងដែលបានឆ្កាងព្រះអម្ចាស់របស់ពួកគេ។
9 មានមនុស្សមកពីបណ្ដាជនជាតិ បណ្ដាកុលសម្ព័ន្ធ បណ្ដាភាសា និងបណ្ដាប្រទេសទាំងឡាយនឹងមើលសាកសពរបស់ពួកគេអស់រយៈពេលបីថ្ងៃកន្លះ ហើយមិនអនុញ្ញាតឲ្យយកសាកសពរបស់ពួកគេទៅបញ្ចុះក្នុងផ្នូរឡើយ។
10 អស់អ្នកដែលរស់នៅលើផែនដីក៏ត្រេកអរ ហើយនាំគ្នាអបអរសាទរដោយសារពួកគេស្លាប់ រួចផ្ញើអំណោយឲ្យគ្នាទៅវិញទៅមក ពីព្រោះអ្នកនាំព្រះបន្ទូលទាំងពីរនាក់នេះបានធ្វើឲ្យអស់អ្នកដែលរស់នៅលើផែនដីឈឺចាប់។
11 ប៉ុន្ដែបីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតចេញពីព្រះជាម្ចាស់ចូលមកក្នុងសាកសពអ្នកទាំងពីរ ហើយពួកគេក៏ក្រោកឈរឡើង រីឯអស់អ្នកដែលឃើញពួកគេក៏មានសេចក្ដីភ័យខ្លាចជាខ្លាំង។
12 នោះអ្នកទាំងពីរបានឮសំឡេងមួយយ៉ាងខ្លាំងពីលើមេឃមកកាន់ពួកគេថា ចូរឡើងមកនេះ។ នោះពួកគេក៏ឡើងទៅលើមេឃ ក្នុងពពក ហើយសត្រូវរបស់ពួកគេក៏ឃើញដែរ។