8 មានទេវតាមួយរូបទៀត ជាទេវតាទីពីរបានមកតាមក្រោយ រួចបន្លឺឡើងថា៖ «រលំហើយ រលំហើយ ក្រុងបាប៊ីឡូនដ៏ធំ ដែលបានឲ្យជនជាតិទាំងឡាយផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ខ្លួន»។
9 បន្ទាប់មក មានទេវតាមួយរូបទៀតជាទេវតាទីបីបានមកតាមក្រោយ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាថ្វាយបង្គំសត្វសាហាវនោះ និងរូបចម្លាក់របស់វា ហើយទទួលយកសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន
10 អ្នកនោះនឹងត្រូវផឹកស្រានៃកំហឹងរបស់ព្រះជាម្ចាស់ ជាស្រាដ៏សុទ្ធឥតលាយដែលបានចាក់ចូលក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងត្រូវទទួលទារុណកម្មនៅក្នុងភ្លើង និងស្ពាន់ធ័រនៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀម។
11 នោះផ្សែងនៃទារុណកម្មរបស់ពួកគេក៏ហុយឡើងអស់កល្បជានិច្ច ពួកគេគ្មានសេចក្ដីស្រាកស្រាន្ដឡើយ ទាំងថ្ងៃ ទាំងយប់ គឺពួកអ្នកដែលថ្វាយបង្គំសត្វនោះ និងរូបចម្លាក់របស់វា ព្រមទាំងអ្នកណាដែលទទួលសញ្ញាសំគាល់នៃឈ្មោះរបស់វាផង។»
12 នេះហើយគឺជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធដែលកាន់តាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ និងជំនឿនៅក្នុងព្រះយេស៊ូ។
13 ខ្ញុំក៏បានឮសំឡេងមួយពីលើមេឃមកថា៖ «ចូរសរសេរដូច្នេះថា មានពរហើយអស់អ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់ពីពេលនេះតទៅ!» ព្រះវិញ្ញាណក៏មានបន្ទូលថា «មែនហើយ ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្ដិរបស់ពួកគេតាមជាប់ពួកគេ»។
14 ពេលនោះខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្សអង្គុយលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល និងកាន់កណ្ដៀវដ៏មុតនៅនឹងដៃរបស់លោក។