12 ទេវតាទីប្រាំមួយយកពានរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអើប្រាត នោះទឹកទន្លេក៏រីងអស់ ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។
13 ខ្ញុំបានឃើញវិញ្ញាណអាក្រក់បី ដូចជាសត្វកង្កែបចេញពីមាត់នាគ ពីមាត់សត្វសាហាវនោះ និងពីមាត់ពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយ
14 ដ្បិតវិញ្ញាណទាំងនោះ គឺជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសំគាល់ ពួកវាចេញទៅរកពួកស្ដេចនៅលើផែនដីទាំងមូល ដើម្បីប្រមូលស្ដេចទាំងនោះមកក្នុងចម្បាំងនៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។
15 («មើល៍ យើងនឹងមកដូចជាចោរ! មានពរហើយអ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួនមិនឲ្យខ្លួនដើរអាក្រាត និងមិនឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន»)។
16 វិញ្ញាណទាំងនោះប្រមូលពួកស្ដេចមកជួបជុំគ្នានៅកន្លែងមួយ ដែលហៅជាភាសាហេព្រើរថា អើម៉ាគេដូន។
17 ទេវតាទីប្រាំពីរយកពានរបស់ខ្លួនចាក់ទៅក្នុងអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ គឺចេញពីបល្ល័ង្កមកថា៖ «ការបានសម្រេចហើយ!»
18 នោះក៏មានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីជាខ្លាំងដែលមិនធ្លាប់កើតមានចាប់តាំងពីមនុស្សកើតមកនៅលើផែនដី គឺជាការរញ្ជួយផែនដីយ៉ាងខ្លាំង និងធំសម្បើម។