វិវរណៈ 16:8-14 KCB

8 ទេវតា​ទីបួន​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះអាទិត្យ​ ហើយ​ដួង​អាទិត្យ​ក៏​បាន​ទទួល​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្លោច​ដោយសារ​ភ្លើង។​

9 មនុស្ស​ត្រូវ​ខ្លោច​ដោយសារ​កំដៅ​យ៉ាង​ខ្លាំង​ នោះ​ពួកគេ​ក៏​ជេរ​ប្រមាថ​ព្រះនាម​របស់​ព្រះជាម្ចាស់​ដែល​មាន​សិទ្ធិ​អំណាច​លើ​គ្រោះកាច​ទាំង​នោះ​ ហើយ​ក៏​មិន​បាន​ប្រែចិត្ដ​ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ដែរ។​

10 ទេវតា​ទីប្រាំ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​សាហាវ​នោះ​ នោះ​នគរ​របស់​វា​ក៏​ត្រលប់​ជា​ងងឹត​សូន្យ​សុង​ ហើយ​មនុស្ស​ខាំ​អណ្ដាត​របស់​ខ្លួន​ដោយ​ព្រោះ​តែ​ការ​ឈឺចាប់​

11 ពួកគេ​ក៏​ជេរ​ប្រមាថ​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌​ ដោយ​ព្រោះ​តែ​ការ​ឈឺចាប់​ និង​ដោយ​ព្រោះ​តែ​ដំបៅ​របស់​ពួកគេ​ ហើយ​ក៏​មិន​បាន​ប្រែចិត្ដ​ពី​ការ​ប្រព្រឹត្ដិ​របស់​ខ្លួន​ដែរ។​

12 ទេវតា​ទីប្រាំមួយ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ​ គឺ​ទន្លេ​អើប្រាត​ នោះ​ទឹក​ទន្លេ​ក៏​រីង​អស់​ ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មក​ពី​ទិស​ខាង​កើត។​

13 ខ្ញុំ​បាន​ឃើញ​វិញ្ញាណ​អាក្រក់​បី​ ដូច​ជា​សត្វ​កង្កែប​ចេញ​ពី​មាត់​នាគ​ ពី​មាត់​សត្វ​សាហាវ​នោះ​ និង​ពី​មាត់​ពួកអ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​

14 ដ្បិត​វិញ្ញាណ​ទាំង​នោះ​ គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទី​សំគាល់​ ពួកវា​ចេញ​ទៅ​រក​ពួក​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​ ដើម្បី​ប្រមូល​ស្ដេច​ទាំង​នោះ​មក​ក្នុង​ចម្បាំង​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។​